(សៀមរាប)៖ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក ហ៊ុន ម៉ានី បានថ្លែងថា សហភាពសហព័ន្ធយុវជនកម្ពុជា ចង់ពង្រីកព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឲ្យទៅជាកម្មវិធីអន្តរជាតិ ដើម្បីទាក់ទាញភ្ញៀវទេសចរ នៅជុំវិញពិភពលោកចូលមកទស្សនា ប្រទេសកម្ពុជាឲ្យបានកាន់តែច្រើន។

លោក ហ៊ុន ម៉ានី បានថ្លែងយ៉ាងដូច្នេះ ក្នុងកិច្ចប្រជុំជាមួយ គណៈអភិបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ​ ឆ្នាំ២០១៦នេះ ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ អង្គរសង្ក្រាន្ត ក្នុងពិធីចូលឆ្នាំថ្មីនាពេលខាងមុខ។

ក្នុងកិច្ចប្រជុំនេះ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បានឯកភាពលើការស្នើសុំពីក្រុមការងារ សហភាពសហព័ន្ធយុវជនកម្ពុជា ព្រមទាំងប្រគល់ទៅមន្ទីរ និងក្រុមការងារពាក់ពន្ធ័ទាំងអស់។ ជាពិសេសក្រុមការងារសន្តិសុខ ត្រូវពង្រឹងផែនការ ព្រោះទេវត្តាឆ្នាំថ្មីនេះចុះពេលយប់។

ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានលើកឡើងផងដែរ ពីបញ្ហាសណ្តាប់ធ្នាប់ចរាចរ ប្រជាពលរដ្ឋមានចូលច្រើន ផ្លូវតូច ហើយអាជ្ញាធរខេត្តបានពង្រីកផ្លូវចំនួនបីខ្សែផងដែរ   និងស្នើរកទីតាំងចំណត់បណ្ណោះអាសន្ន សម្រាប់សាធារជនចូលរួម ហើយមួយផ្នែកទៀតត្រូវបង្កើន ផ្នែកសន្តិសុខ។

លោក ឃឹម ប៊ុនសុង ក្នុងនាមអាជ្ញាធរខេត្ត បានកោតសរសើរ ដល់យុវជនដែលបានលះបង់ ពេលវេលាយុវវ័យរបស់ខ្លួន មករៀបចំកម្មវិធីចូលឆ្នាំថ្មី មានមហាសង្ក្រាន្តនៅខេត្តសៀមរាប៕