(ស្វាយរៀង)៖ នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ លោកទេសរដ្ឋមន្រ្តី លី ធុជ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករំដួល តំណាងរបស់លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង បានអញ្ជើញប្រកាសក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ឃុំស្វាយចេក និងដឹកនាំវេទិកាសាធារណៈ ថ្នាក់ឃុំភូមិ។

ក្នុងនាមលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន, លោកទេសរដ្ឋមន្រ្តី បានណែនាំឲ្យក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ឃុំស្វាយចេក ត្រូវបន្តផ្សព្វផ្សាយនូវគោលនយោបាយ និងសមិទ្ធផលនានារបស់រាជរដ្ឋាភិបាលកម្ពុជា សម្រេចបាន ព្រមទាំងបន្តលើកកម្ពស់ការជឿទុកចិត្ត និងសេចក្ដីសង្ឃឹមជូនប្រជាពលរដ្ឋ។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្រ្តី លី ធុជ បានពាំនាំសេចក្ដីសាកសួរសុខទុក្ខ និងនឹករលឹករបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ជូនចំពោះក្រុមប្រឹក្សាឃុំ មេភូមិ និងមន្រ្តីរាជការទាំងអស់ ក្នុងឃុំស្វាយចេក ស្រុករំដួល។

លោកទេសរដ្ឋមន្រ្តី ក៏បានលើកឡើងអំពីវីរភាព អង់អាចក្លាហាន របស់សម្តេចនាយករដ្ឋមន្ត្រី ក្នុងការប្រឡូកចូលសមរភូមិសង្គ្រាម ចាប់តាំងពីមានកងទ័ពតិចតួច រហូតគ្រប់គ្រងប្រទេសទាំងមូល ការស្វែងរកសន្តិភាព និងការជួយសង្រ្គោះប្រជាពលរដ្ឋ ក្នុងនោះរួមមានទាំងការងារប្រយុទ្ធប្រឆាំងជំងឺឆ្លង កូវីដ-១៩។

លោកទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះការចាត់វិធានការ យ៉ាងមានប្រសិទ្ធភាពខ្ពស់របស់ សម្តេចតេជោ ក្នុងការទប់ស្កាត់ការរីករាលដាលជំងឹឆ្លងកូវីដ១៩ ក្នុងព្រឹត្តិការណ៍ «សហគមន៍ ២៨ វិច្ឆិកា» ដើម្បីរក្សា សុខភាព និងសេដ្ឋកិច្ច ជូនបងប្អូនប្រជាពលរដ្ឋកម្ពុជា។ លោកទេសរដ្ឋមន្រ្តី ក៏បានរំលឹកអំពីការផ្តាំផ្ញើរបស់សម្តេចតេជោ ចំពោះស្ថានភាពការឆ្លងសហគមន៍នេះ មិនទាន់បានបិទបញ្ចប់នៅឡើយទេ និងសូមអោយបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់។

ឆ្លៀតក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី បានលើកឡើងអំពីតួនាទី កាតព្វកិច្ច និងកិច្ចខិតខំប្រឹងប្រែងមួយចំនួន របស់រាជរដ្ឋាភិបាល គឺការធានាឲ្យបាននូវសុខដុមរមនា និងសុភមង្គលជូនដល់ប្រជាពលរដ្ឋទាំងមូល ក្នុងនោះមាន ៣ ចំណុចរួមមាន៖

*ទី១៖ ការងារនយោបាយ៖ ការពារប្រជាពលរដ្ឋ និងការពារទឹកដី
*ទី២៖ សេដ្ឋកិច្ច៖ បង្កើតការងារជូនប្រជាពលរដ្ឋ និងបែងចែកទ្រព្យសម្បត្តិ និងធនធានរបស់រដ្ឋ
*ទី៣៖ សង្គមកិច្ច៖ វិស័យអប់រំ និងសុខាភិបាល៕