(បន្ទាយមានជ័យ)៖ នៅក្នុងកិច្ចប្រជុំពិភាក្សា ការងារពិគ្រោះយោបល់ការបន្ធូរបន្ថយច្បាប់ ស្តីពីការគ្រប់គ្រងស្ថានការណ៍ក្នុងគ្រាអាសន្ន ដើម្បីដោះស្រាយដំណើរការសេដ្ឋកិច្ចក្នុងតំបន់ រវាងខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង និងខេត្តស្រះកែវ ប្រទេសថៃ ភាគីកម្ពុជាបានស្នើចំនួន៣ចំណុច ទៅកាន់ភាគីថៃ ក្នុងគោលបំណងធ្វើយ៉ាងណា ដើម្បីដោះស្រាយដំណើរការសេដ្ឋកិច្ច នៅក្នុងតំបន់។

កិច្ចប្រជុំពិភាក្សាការងារនេះ ធ្វើឡើងនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ នៅច្រកទ្វារអន្តរជាតិភ្នំដី ស្រុកសំពៅលូន ខេត្តបាត់ដំបង ដោយភាគីកម្ពុជា ដឹកនាំដោយលោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង ដោយឡែងភាគីថៃ ដឹកនាំដោយលោក កៀត ពិស័ក្កិ ចាន់ថ្រា អភិបាលខេត្តស្រះកែវ។

លោក អ៊ុ រាត្រី បានឱ្យដឹងថា កិច្ចប្រជុំនេះគោលបំណងសំខាន់ គឺពិភាក្សាការងារពិគ្រោះយោបល់ ការបន្ធូរបន្ថយច្បាប់ ស្តីពីការគ្រប់គ្រងស្ថានការណ៍ក្នុងគ្រាអាសន្ន ដើម្បីដោះស្រាយដំណើរការសេដ្ឋកិច្ច ក្នុងតំបន់ដែលក្នុងនោះភាគីកម្ពុជា បានស្នើទៅកាន់ភាគីចំនួន៣ចំណុចរួមមាន៖ ស្នើឱ្យពលករកម្ពុជា ចូលទៅធ្វើការក្នុងវិស័យកសិកម្ម ក្នុងព្រះរាជាណាចក្រថៃ, ស្នើឱ្យអាជីវករកម្ពុជា ចូលទៅប្រកបអាជីវកម្មក្នុងផ្សាររោងក្លឿ ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ, ស្នើឱ្យបើកប្រើប្រាស់ ច្រកទ្វារព្រំដែនអន្តរជាតិ ស្ទឹងបត់-បានណងអៀន បណ្តោះអាសន្ន ជាច្រកដឹកទំនិញ ដើម្បីកាត់បន្ថយការកក់ស្ទះ នៅច្រកទ្វារព្រំដែនអន្តរជាតិ ប៉ោយប៉ែត-ខ្លងឡឹក។

លោក អ៊ុ រាត្រី បានបន្ថែមថា ជាលទ្ធផលនៃកិច្ចប្រជុំពិភាក្សា ដើម្បីដោះស្រាយដំណើរសេដ្ឋកិច្ច ក្នុងតំបន់ខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវ មិនទាន់មានការឯកភាពទាំងស្រុងនោះទេ ស្ថិតក្នុងការពិភាក្សា រង់ចាំមានការឯកភាព ជាគោលការណ៍បន្ថែមតាមក្រោយទៀត។

ដោយឡែកលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានបញ្ជាក់ដែរថា នៅក្នុងកិច្ចប្រជុំខាងលើនេះ ការសុំគោលការណ៍បីចំណុច ដើម្បីដោះស្រាយសេដ្ឋកិច្ច ក្នុងតំបន់នោះ ភាគីទាំងពីរបានយល់ស្របគ្នាហើយ តែមិនទាន់ឯកភាពទាំងស្រុងនោះទេ ដោយកំពុងពិភាក្សាគ្នាលើការធ្វើចត្តាឡីស័ក៕