(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី បច្ចុប្បន្នភាពជំងឺកូវីដ១៩ នៅកម្ពុជា ដោយបញ្ជាក់ថា មិនមានរកឃើញករណីឆ្លងជំងឺកូវីដ១៩ ថ្មីនោះទេ រយៈពេល៣ថ្ងៃជាប់គ្នាហើយ ដែលមិនមានករណីឆ្លងថ្មីនៅកម្ពុជា។

នៅថ្ងៃនេះផងដែរ ក្រសួងសុខាភិបាល បានប្រកាសពីការព្យាបាលអ្នកជំងឺកូវីដ១៩ ចំនួន១៧នាក់ ជាសះស្បើយ និងបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ។

អ្នកជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យទាំង១៧នាក់ រួមមាន៖

* បុរសជនជាតិខ្មែរ អាយុ២០ ឆ្នាំ ស្នាក់នៅសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ជាបុគ្គលិកហាង Pedro ផ្លូវព្រះសីហនុ។

* ស្ត្រីជនជាតិខ្មែរ អាយុ២៤ឆ្នាំ ស្នាក់នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ជាបុគ្គលិកហាង Pedro ផ្លូវព្រះសីហនុ។

* ស្ត្រីជនជាតិខ្មែរ អាយុ២៣ឆ្នាំ ស្នាក់នៅភូមិសន្សំកុសល២ សង្កាត់បឹងទំពន់១ ខណ្ឌមានជ័យ ជាបុគ្គលិកហាង Pedro ផ្លូវព្រះសីហនុ។

* ស្ត្រីជនជាតិខ្មែរ អាយុ៣៦ឆ្នាំ ស្នាក់នៅសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ជាកូនស្រីច្បងរបស់អគ្គនាយកពន្ធនាគារ និងជាអ្នកធ្វើការនៅពន្ធនាគារខេត្តសៀមរាប។

* បុរសជនជាតិខ្មែរ អាយុ២៣ឆ្នាំ ស្នាក់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ ត្រូវជាក្មួយប្រុសរបស់អ្នកបើកបរឲ្យអគ្គនាយកពន្ធនាគារ។

* កុមារាជនជាតិខ្មែរ អាយុ៧ឆ្នាំ ស្នាក់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ ត្រូវជាក្មួយប្រុសរបស់អ្នកបើកបរឲ្យអគ្គនាយកពន្ធនាគារ។

* បុរសជនជាតិខ្មែរ អាយុ៣៩ឆ្នាំ និងកូនប្រុសអាយុ៣ឆ្នាំ ស្នាក់នៅបុរី លឹម ឈាងហាក់ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ជាបុគ្គលិកកហាងកុំព្យួរទ័រ ឈ្មោះឌីម កុំព្យួរទ័រ ផ្លូវព្រះសីហនុ។

* ស្ត្រីជនជាតិខ្មែរ អាយុ២២ឆ្នាំ ស្នាក់នៅផ្ទះជួល ខណ្ឌច្បារអំពៅ ជាបុគ្គលិកហាង Pedro ផ្លូវព្រះសីហនុ។

* បុរសជនជាតិខ្មែរ អាយុ ២១ ឆ្នាំ ស្នាក់នៅជិតវត្តសន្សំកុសល សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ ជាបុគ្គលិកហាង Carl's Jr Burger ទួលទំពូង។

* ស្ត្រីជនជាតិខ្មែរ អាយុ២៩ឆ្នាំ ស្នាក់នៅសង្កាត់ចាកអង្រែលើ ខណ្ឌមានជ័យ ជាមន្ត្រីរាជការនៅក្រសួងមហាផ្ទៃ បានចូលហាង Zando សាខាបឹងកេងកង។

* បុរសជនជាតិខ្មែរ អាយុ២២ឆ្នាំ ស្នាក់នៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ជានិស្សិតច្បាប់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានចូលហាង Zando សាខាបឹងកេងកង។

* ស្ត្រីជនជាតិខ្មែរ អាយុ៣៥ឆ្នាំ ស្នាក់នៅសង្កាត់បឹងទំពន់ ខណ្ឌមានជ័យ បានចូលហាង Pedro ផ្លូវព្រះសីហនុ។

* បុរសជនជាតិខ្មែរ អាយុ២០ឆ្នាំ ស្នាក់នៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ជាបុគ្គលិកហាង Pedro ផ្លូវព្រះសីហនុ ។

* ស្ត្រីជនជាតិខ្មែរ អាយុ៣៣ឆ្នាំ ស្នាក់នៅសង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ជាបុគ្គលិកហាង Pedro ផ្លូវព្រះសីហនុ។

* បុរសជនជាតិខ្មែរ-អាមេរិក អាយុ៥៦ឆ្នាំ ស្នាក់នៅបុរី លឹម ឈាងហាក់ ផ្លូវវេងស្រេង បានធ្វើដំណើរមកពីអាមេរិក បន្តជើងហោះហើរនៅប្រទេសចិន មកដល់កម្ពុជា នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០។

* បុរសជនជាតិខ្មែរ អាយុ២៩ឆ្នាំ ស្នាក់នៅឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្តាល ជាអ្នកធ្វើដំណើរមកពីប្រទេសជប៉ុន ឆ្លងកាត់ប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជា នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០នេះ នៅកម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៣៦២នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ៣៤១នាក់ និង២១នាក់ កំពុងសម្រាកនៅមន្ទីរពេទ្យ៕