(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិលោក កុយ គួង បានថ្លែងអះអាងប្រាប់នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News នៅយប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ឲ្យដឹងថា នៅក្នុងជំនួបពិភាក្សាការងារជាមួយឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជានៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០, លោកជំទាវ Tina Redshaw ឯកអគ្គរាជទូត វិសាមញ្ញនិងពេញសមត្ថភាពនៃចក្រភពអង់គ្លេស និងអៀឡង់ខាងជើង បានមានប្រសាសន៍ថា ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ តទៅ ចក្រភពអង់គ្លេស នឹងអនុវត្តនូវគោលនយោបាយពាណិជ្ជកម្មឯករាជ្យ។

រដ្ឋមន្ត្រីទាំងអស់របស់អង់គ្លេសបានសំរេចថា នឹងមិនបន្តអនុវត្តការព្យួរមួយផ្នែកនៃប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប ក្នុងក្របខណ្ឌ័ប្រព័ន្ធអនុគ្រោះពន្ធ​លើគ្រប់មុខទំនិញ ទាំងអស់ លើកលែងតែសព្វាវុធ (EBA) មកលើកម្ពុជាទៀតទេ ដោយហេតុថា ចក្រភពអង់គ្លេសបានមើលឃើញពីផលប៉ះពាល់នៃជំងឺ Covid-19 មកលើក្រុមមនុស្សងាយរងគ្រោះជាច្រើននៃសង្គមកម្ពុជា ដែលក្នុងនោះរួមមានទាំងកម្មកររោងចក្រផងដែរ។

លោកជំទាវឯកអគ្គរាជទូតបានមានប្រសាសន៍ថា ចក្រភពអង់គ្លេសកំពុងរិះរកវិធី ដើម្បីបង្កើតកិច្ចសន្ទនាទៀងទាត់ជាមួយអាជ្ញាធរមានសមត្ថកិច្ចកម្ពុជា លើបញ្ហាផ្សេងៗពាក់ព័ន្ធនិងវិស័យសិទ្ធិមនុស្ស និងសេរីភាពផ្សេងៗទៀត នេះបើយោងតាមការបញ្ជាក់ពីលោក កុយ គួង។

ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានសម្តែងការកោតសរសើរយ៉ាងខ្លាំងចំពោះការសំរេចចិត្តរបស់ចក្រភពអង់គ្លេសនេះ ដោយបានចាត់ទុកការសំរេចចិត្តនេះថា ជាការជំរុញ និងលើកទឹកចិត្តដល់រាជរដ្ឋាភិបាលកម្ពុជា ហើយថាការសំរេចចិត្តនេះគឺពិតជាដំណឹងល្អសំរាប់កម្មករកម្ពុជានៅពេលដែលពួកគេកំពុងទទួលរងផលប៉ះពាល់ ពីមហន្តរាយនៃជំងឺ Covid-19 ។

ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានសង្កត់ធ្ងន់ថា កម្ពុជាបេ្តជ្ញាយ៉ាងមុតមាំក្នុងការកសាងទំនាក់ទំនងដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ជាមួយចក្រភពអង់គ្លេសទាំងលើវិស័យទ្វេភាគី និងពហុភាគី៕