(ភ្នំពេញ)៖ បុរសម្នាក់ត្រូវខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណបាញ់ប្រហារ ចំនួន៤គ្រាប់ (ត្រូវ៣គ្រាប់) ពេលកំពុងជិះម៉ូតូម្នាក់ឯង បណ្ដាលឲ្យស្លាប់ពេលកំពុងបញ្ជូនទៅមន្ទីរពេទ្យ។ ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៣រសៀល ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅតាមផ្លូវលំ ភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ នៅ ចំណាន អាយុ៤៥ឆ្នាំ មុខរបរគួកជេរដី រថយន្តម៉ូតូ ព្រមទាំងចងការប្រាក់ មានទីលំនៅក្នុងភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ព្រោះរត់គេចខ្លួនបាត់ក្រោយបង្កហេតុ។

ប្រភពព័ត៌មានពីមូលដ្ឋាន បានបញ្ជាក់ថា នៅមុនពេលកើតហេតុគេឃើញ ជនរងគ្រោះជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា PCX ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1ID-7477 តែម្នាក់ឯងចេញពីស្ទីម នៅក្នុងភូមិស្រែជម្រៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។ លុះពេលទៅដល់កន្លែងកើតហេតុ ក៏ត្រូវបានជនសង្ស័យបាញ់ប្រហារតែម្ដង។

ខណៈនោះជនរងគ្រោះរងរបួសធ្ងន់ ត្រូវក្រុមគ្រួសារបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត ហើយបានស្លាប់បាត់បង់ជីវិតនៅទីនោះ បន្ទាប់មកក្រុមគ្រួសារបានដឹកត្រឡប់ទៅតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅឈាបនដ្ឋានវត្តពោធិ៍ចិនតុង។ ក្រោយកើតហេតុ សមត្ថកិច្ចជំនាញក៏បានចុះទៅដល់ទីតាំងខាងលើផងដែរ ដើម្បីធ្វើការត្រួតពិនិត្យ និងស្រាវជ្រាវរកខ្មាន់កាំភ្លើងមកផ្តន្ទាទោសតាមច្បាប់៕