(បន្ទាយមានជ័យ)៖ មានបុរសម្នាក់បានខឹងនឹងប្រពន្ធ ក៏ទៅយកថ្នាំសម្លាប់សត្វល្អិតមកផឹក ដើម្បីសម្លាប់ខ្លួនឯងបានសម្រេច។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១០៖៤០នាទីយប់ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចវាលស្រែអាញ៉ាចេត ស្ថិតក្នុងភូមិចក ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

នគរបាលមូលដ្ឋានបានឲ្យដឹងបន្តថា បុរសដែលផឹកថ្នាំសម្លាប់សត្វល្អិតនោះឈ្មោះ ព្រិម រ៉ាត់ ភេទប្រុស អាយុ៤០ឆ្នាំ ទីលំនៅភូមិចកកើត ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

នគរបាលមូលដ្ឋានបានឲ្យដឹងបន្តទៀតថា នៅមុនពេលកើតហេតុ ជនរងគ្រោះរួមទាំងគ្នីគ្នា២ទៅ៣នាក់ផ្សេងទៀត បាននាំគ្នាផឹកស៉ី។ នៅពេលស្រវឹង ជនរងគ្រោះបានត្រឡប់ទៅខ្ទមស្រែរបស់ខ្លួន និងបានឲ្យប្រពន្ធរកថ្នាំឲ្យខ្លួនលេប។

នៅពេលនោះប្រពន្ធតបថា មិនមានថ្នាំលេបទេ។ បន្ទាប់មកប្តីនិយាយថា ខ្លួននឹងទៅយកថ្នាំសម្លាប់សត្វល្អិតមកផឹក។ និយាយភ្លាម ប្តីរូបនោះក៏យកថ្នាំសម្លាប់សត្វល្អិតផឹក ក៏បណ្តាលឲ្យពុល។ ស្របពេលនោះ ប្រពន្ធបានដឹកយកមកសង្រ្គោះនៅមន្ទីរពេទ្យ ទើបបានពាក់កណ្តាលផ្លូវ ក៏ដាច់ខ្យល់ស្លាប់ទៅ។

នគរបាលបានបញ្ជាក់បន្តថា កាលពីមុនជនរងគ្រោះបានផឹកថ្នាំបាញ់ស្មៅម្តងមកហើយ តែជួយសង្រ្គោះបានទាន់ពេល។ លើកទី២នេះ គាត់ផឹកថ្នាំខ្យង ហើយប្រពន្ធព្យាយាមជួយសង្រ្គោះដែរ តែមិនអាចជួយបាន ក៏បណ្តាលឲ្យបាត់បង់ជីវិតទៅ។ ចំពោះសពវិញ ត្រូវបានក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕