(ភ្នំពេញ)៖ ជនសង្ស័យប្រុសស្រីចំនួន១៦នាក់ ពាក់ព័ន្ធទៅនឹងករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន និងវត្ថុតាងមាន​គ្រឿងញៀន៤២កញ្ចប់ (ក្រាមសថ្លា៤១កញ្ចប់, ម្សៅស០១កញ្ចប់) ត្រូវបានសមត្ថកិច្ចជំនាញ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការបង្ហាញមុខ និងបញ្ជូនទៅសាលា​ដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការផ្តន្ទាទោស​តាមច្បាប់ នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦។

ជនសង្ស័យទាំង១៦នាក់ នោះរួមមាន០៨នាក់ ត្រូវបានអាវុធហត្ថខណ្ឌមានជ័យឃាត់ខ្លួនបាន នៅថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០១៦ នៅភូមិព្រែកប្រណាក សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ និងមួយទីតាំងទៀតស្ថិតនៅ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រមទាំងដកហូតបានវត្ថុតាង ម្សៅក្រាមពណ៌ស ១៨កញ្ចប់ (ធំ០៤កញ្ចប់), ជញ្ជីង ២, ដបជក់ថ្នាំ ៧, ដែកកេះ ១០, ក្រដាសអាលុយមីញ៉ូម ២ដុំ ថង់សម្រាប់ច្រកថ្នាំញៀនរួមទាំងទុយោមួយចំនួន, ព្រមទាំងវត្ថុតាងពាក់ព័ន្ធផ្សេងៗទៀត។

ចំណែកជនសង្ស័យ០៦នាក់ទៀត ត្រូវបានអាវុធហត្ថខណ្ឌមានជ័យ ឃាត់ខ្លួនដែរនៅថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០១៦ នៅបន្ទប់ជួលលេខ២៤ ផ្លូវបេតុង ក្រុម៣ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងមួយកន្លែងទៀតស្ថិតនៅ ផ្លូវលេខ៣១៣ ក្រុម៥ ភូមិគោកឃ្លាង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ រួមជាមួយវត្ថុតាង ម្សៅក្រាមពណ៌ស៨កញ្ចប់ (ធំ១កញ្ចប់), ម្សៅ ស ១កញ្ចប់, អាវុធខ្លីម៉ាក Beretta 92FS មួយដើមបង់០១, រួមទាំងវត្ថុតាងផ្សេងៗទៀត។

ដោយឡែកជនសង្ស័យ០២នាក់ទៀត ត្រូវបានអាវុធហត្ថខណ្ឌច្បាអំពៅឃាត់ខ្លួន នៅថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០១៦ ដកហូតវត្ថុតាងបានរួមមាន ម្សៅក្រាមពណ៌សថ្លា ១៥កញ្ចប់, ម៉ូតូ ០១គ្រឿង និងវត្ថុតាងពាក់ព័ន្ធផ្សេងៗទៀតផងដែរ៕