(ភ្នំពេញ)៖ បើទោះបីជាកម្ពុជារងការយាយីដោយសារជំងឺកូវីដ១៩យ៉ាងណាក្តី តែគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានាមិនបានផ្អាកដំណើរការនោះឡើយ។ ក្នុងនោះការសាងសង់ផ្លូវក្រវាត់ក្រុងទី៣ ក៏ដូចគ្នាដែរ គឺកំពុងបន្តដំណើរការសាងសង់ជាធម្មតា។ មកដល់ពេលបច្ចុប្បន្ននេះគម្រោងផ្លូវក្រវាត់ក្រុងទី៣ សាងសង់សម្រេចបានជិត ៤១ភាគរយហើយ។

លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យអង្គភាពសារព័ត៌មាន Fresh News ដឹងនៅរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០នេះថា គិតត្រឹមថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣ សម្រេចបាន ៤០.៩០%ហើយ។ តាមកិច្ចសន្យាគម្រោងនេះនឹងបញ្ចប់នៅថ្ងៃទី៥ ខែកញ្ញាឆ្នាំ២០២២ខាងមុខ ហើយតាមការរំពឹងទុក ក្រុមហ៊ុនសាងសង់នឹងបញ្ចប់ឲ្យបានមុនផែនការដែលបានកំណត់។

អ្នកនាំពាក្យក្មេង និងមានទំនាក់ទំនងជាមួយអ្នកសារព័ត៌មានរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះ «ដំណើរការសាងសង់ដំណើរការធម្មតា ទោះបីមានការគំរាមកំហែងពីជំងឺកូវីដ-១៩ ក៏ដោយ។ ជាមួយគ្នានេះដែរ ទាំងក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសអនុវត្តយ៉ាងខ្ជាប់ខ្ជូននូវវិធានការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីប្រឆាំងនឹងជំងឺកូវីដ-១៩»

ផ្លូវក្រវាត់ក្រុងទី៣ បានបើកការដ្ឋានសាងសង់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ ផ្លូវនេះមានប្រវែងជិត ៥៣គីឡូម៉ែត្រ ឆ្លងកាត់រាជធានីភ្នំពេញ និងខេត្តកណ្តាល ដោយគ្រោងចំណាយថវិកាសាងសង់ ២៧៣លានដុល្លារអាមេរិក ដែលជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន ហើយរាជរដ្ឋាភិបាលកម្ពុជាចូលរួមថវិកាបដិភាគសម្រាប់ការដោះ ស្រាយផលប៉ះពាល់ការបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ពន្ធ និងសួយសារអាករ។

ផ្លូវដ៏មានសារសំខាន់មួយខ្សែនេះ សាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ ខូអិលធីឌី (Shanghai Construction Group Co., Ltd.) និងត្រួតពិនិត្យបច្ចេកទេសសាងសង់ដោយក្រុមហ៊ុន ទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន Guangzhou Wanan Construction Supervision Co., Ltd.។

ផ្លូវក្រវាត់ក្រុងនេះ មានទំហំទទឹងផ្លូវ២៧ម៉ែត្រ សម្រាប់ទីប្រជុំជន សម្រាប់ក្រៅទីប្រជុំជនមានទំហំទទឹងផ្លូវ ២៥ម៉ែត្រ ផ្លូវនេះនឹងមានដាក់អំពូលបំភ្លឺផ្លូវសម្រាប់កំណាត់ ផ្លូវក្នុងក្រុង និងដើមឈើលម្អសម្រាប់កំណាត់ផ្លូវក្រៅក្រុង។

ផ្លូវក្រវាត់ក្រុងទី៣នេះ នឹងមានសាងសង់ស្ពានអាកាសឆ្លងកាត់ចំនួន០៤កន្លែង (ឆ្លងកាត់ផ្លូវជាតិលេខ៤ លេខ៣ លេខ២ និងលេខ២១) ប្រវែងសរុប ១,០០០ម៉ែត្រ។ មានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ ០២កន្លែង ត្រង់កោះអន្លង់ចិន ប្រវែងសរុប ៩៩៦ម៉ែត្រ (ក្នុងនោះស្ពានបាសាក់ខាងកើតប្រវែង ៦៣០ម៉ែត្រ និងស្ពានបាសាក់ខាងលិច ប្រវែង៣៦៦ម៉ែត្រ)។ សាងសង់ស្ពានមធ្យម និងខ្លីចំនួន០៦កន្លែង និងលូគ្រប់ប្រភេទ១១៣កន្លែង។

លោក ហ៊ាង សុទ្ធាយុត្តិ បានគូសបញ្ជាក់ថា គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣នេះ គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣នេះ តភ្ជាប់ពីផ្លូវទំនប់កប់ស្រូវ ផ្លូវជាតិលេខ៥ ភ្ជាប់ទៅនឹងស្ពានឈ្នះ-ឈ្នះ និងមហាវិថីឈ្នះ-ឈ្នះ និងផ្លូវជាតិលេខ៦។

អ្នកនាំពាក្យរូបនេះ បានគូសបញ្ជាក់ថា ផ្លូវមួយខ្សែនេះ នឹងក្លាយទៅជាផ្លូវក្រវាត់ក្រុងដ៏ធំ និងទំនើបមួយ បម្រើឲ្យជាផ្លូវដឹកជញ្ជូនវាងរាជធានីភ្នំពេញ តភ្ជាប់ពីផ្លូវជាតិលេខ៦ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២១ ឆ្លងកាត់ទន្លេបាសាក់ ព្រមទាំងកោះអន្លង់ចិន និងតភ្ជាប់ទៅនឹងផ្លូវជាតិលេខ១ ពិសេសតភ្ជាប់ទៅ ចំណត ផែកុងតេន័រថ្មីរបស់កំពង់ផែស្វយ័តភ្នំពេញ នៅស្រុកកៀនស្វាយ ក៏ដូចជាការបំពេញឲ្យការតភ្ជាប់ផ្លូវអាស៊ានហាយវ៉េយ (AH1 និង AH11) និងផ្លូវរបៀងសំខាន់ៗ (របៀងកណ្តាល និងរបៀងសេដ្ឋកិច្ចភាគខាងត្បូង) របស់មហាអនុតំបន់មេគង្គ។

លោក ហ៊ាង សុទ្ធាយុត្តិ បានបន្ថែមថា «ខណៈពេលដែលរាជធានីភ្នំពេញកំពុងត្រូវបានពង្រីកកាន់តែធំទៅៗ ស្របតាមកំណើនប្រជាជននិងការអភិវឌ្ឍ និងដោយពិនិត្យឃើញថា ការធ្វើចរាចរណ៍យានយន្តនៅតាមដងផ្លូវក្នុងរាជធានីភ្នំពេញ ជួបប្រទះនូវការកកស្ទះចរាចរណ៍ជារឿយៗ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តែងបានផ្តល់អនុសាសន៍ណែនាំដល់ក្រសួង/ស្ថាប័នពាក់ព័ន្ធ ធ្វើការសិក្សាលទ្ធភាពសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣ ដើម្បីជួយកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ ចរាចរណ៍ ដែលធ្លាប់មានកន្លងមក និងដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ក្នុងរាជធានីបន្ថែមទៀត»

អ្នកនាំពាក្យរូបនេះបន្តថា ការសាងសង់ផ្លូវក្រវាត់ក្រុងទី៣នេះ គឺជាការតភ្ជាប់ផ្ទៃក្នុង និងសមាហរណកម្មតំបន់ពិសេស តភ្ជាប់ផ្លូវអាស៊ានហាយវ៉េ និងផ្លូវរបៀងសេដ្ឋកិច្ចសំខាន់ៗ របស់មហាអនុតំបន់មេគង្គ ដើម្បីរួមចំណែកក្នុងការសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែន ជំរុញពាណិជ្ជកម្មអន្តរជាតិ និងភស្តុភារកម្មតំបន់ និងប្រែក្លាយទឹកដីដែលនៅ សងខាងផ្លូវខ្សែក្រវាត់ក្រុងនេះ ទៅជាតំបន់អភិវឌ្ឍបូរីលំនៅដ្ឋាន តំបន់ភស្តុភារកម្ម និងឧស្សាហកម្មដ៏មានសក្តានុពល និងប្រសិទ្ធភាពសេដ្ឋកិច្ចរបស់កម្ពុជា៕