(ភ្នំពេញ)៖ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០នេះ លោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការ ប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានដឹកនាំកិច្ចប្រជុំបន្ទាន់តាមរយៈ Video Conference ដើម្បីពិភាក្សាអំពីគម្រោងលទ្ធកម្មទិញវ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ និងកម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅកម្ពុជា។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់រដ្ឋមន្រ្តីក្រសួងសុខាភិបាល, តំណាងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ, ដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធនានា ទាំងពហុភាគី និងទាំងទ្វេភាគី ដែលរួមមាន៖ អង្គការសុខភាពពិភពលោក (WHO), អង្គការយូនីសេហ្វ (UNICEF), ធនាគារអភិវឌ្ឍន៍អាស៊ី (ADB), ធនាគារពិភពលោក (WB), សហភាពអឺរ៉ុបប្រចាំកម្ពុជា (EU), មូលនិធិសកល (GF), អង្គការ GAVI (The GAVI Alliance), COVAX Facility, ស្ថានទូតអូស្ត្រាលី, ចិន, ជប៉ុន, រុស្សី, សហរដ្ឋអាមេរិក, ចក្រភពអង់គ្លេស, សាធារណរដ្ឋកូរ៉េ និងបារាំងជាដើម។

កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យពិភាក្សា និងពិគ្រោះយោបល់ជាមួយដៃគូអភិវឌ្ឍន៍ទាំងទ្វេភាគី និងពហុភាគីលើភាពគ្រប់ជ្រុងជ្រោយ និងស័ក្តសិទ្ធិភាពនៃផែនការ និងសកម្មភាពជាយុទ្ធសាស្ត្រ ក្នុងការចាត់ចែងទិញ និងការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលធានាបាននូវការគ្រប់គ្រងសុវត្ថិភាព, គុណភាព និងប្រសិទ្ធភាពនៃការប្រើប្រាស់។

កិច្ចប្រជុំក៏ធ្វើការពិភាក្សាផងដែរអំពីបច្ចុប្បន្នភាព នៃសភាពការណ៍ទូទៅ នៃការរីករាលដាលនៃជំងឺកូវីដ-១៩, ការអភិវឌ្ឍ និងលទ្ធភាព នៃការទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩, អភិក្រម និងយន្តការ នៃការធ្វើលទ្ធកម្ម, ការកៀរគរហិរញ្ញប្បទាន ព្រមទាំងគោលនយោបាយ និងគោលការណ៍បែងចែក និងផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។ កិច្ចប្រជុំនេះ ក៏ជាវេទិកាសម្រាប់ចរចា និងកៀរគរធនធានហិរញ្ញវត្ថុពីដៃគូអភិវឌ្ឍន៍នានា សម្រាប់អនុវត្តកម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។

លោក វង្សី វិស្សុត បានថ្លែងថា រាជរដ្ឋាភិបាល បាននិងកំពុងរៀបចំ និងអនុវត្តគម្រោងទិញ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់ផ្តល់ជូនប្រជាជនកម្ពុជាឱ្យបានឆាប់រហ័ស ដើម្បីទប់ស្កាត់ និងឈានទៅលុបបំបាត់ ការរាតត្បាតជំងឺកូវីដ-១៩ នៅកម្ពុជា។ ក៏ប៉ុន្តែកិច្ចការទិញវ៉ាក់សាំង បង្ការកូវីដ-១៩ នេះ ចាំបាច់ត្រូវតែធ្វើដោយប្រុងប្រយ័ត្ន ដើម្បីធានាបាននូវការគ្រប់គ្រង សុវត្ថិភាព គុណភាព និងប្រសិទ្ធភាព នៃការប្រើប្រាស់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ដែលទាំងនេះ ចាំបាច់ត្រូវតែមានពិនិត្យ និងវាយតម្លៃដោយហ្មត់ចត់ អំពីបរិការណ៍ និងកត្តាសត្យានុម័តគន្លឹះមួយចំនួនផងដែរ។

លោកបានគូសបញ្ជាក់ថា «រាជរដ្ឋាភិបាលកម្ពុជា នឹងទិញវ៉ាក់សាំងទាំងឡាយណា ដែលមានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោកតែប៉ុណ្ណោះ ទោះបីទិញតាមរយៈ COVAX Facility ក្តី ឬតាមរយៈការទិញផ្ទាល់ ពីក្រុមហ៊ុនផលិត និងតាមរយៈយន្តការ នៃកិច្ចសហប្រតិបត្តិការទេ្វភាគីក្តី»

លោកបានបន្តថា «ការមកដល់នៃវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ មិនត្រឹមតែជួយធ្វើឱ្យយើងអាចកម្ចាត់ជំងឺកូវីដ-១៩ ដ៏កាចសាហាវនោះទេ តែថែមទាំងនឹងបើកឱកាសឱ្យប្រទេសកម្ពុជា យើងអាចវិលត្រឡប់ទៅកាន់សភាពធម្មតាវិញ ពោលគឺអាចស្តារ និងបន្តអភិវឌ្ឍន៍ សេដ្ឋកិច្ចប្រទេសជាតិ ប្រកបដោយកំណើនខ្ពស់, ធន់នឹងវិបត្តិ និងកាន់តែភាពប្រកួតប្រជែងខ្លាំងជាងមុន ក៏ដូចអាចកសាង នូវប្រព័ន្ធបែងចែកឡើងវិញ នូវផលនៃកំណើនឱ្យកាន់តែប្រសើរឡើង ពិសេសការអភិវឌ្ឍធនធានមនុស្ស ក្នុងគោលដៅធានាឱ្យបាននូវស្ថិរភាព និងភាពរីកចំរើនរុងរឿង នៃប្រទេសយើង»

លោក វង្សី វិស្សុត បន្តថា បច្ចុប្បន្នរាជរដ្ឋាភិបាល បាននិងកំពុងដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ដើម្បីធានាបានថា យើងអាចយកឈ្នះនូវសមរភូមិទាំង៣ ក្នុងនោះមាន៖

*ទី១៖ ការពារអាយុជីវិតរបស់ប្រជាជន
*ទី២៖ ការពារជីវភាពរស់នៅរបស់ប្រជាជន
*ទី៣៖ ការពារមុខរបរអាជីវកម្មរបស់ប្រជាជន ដើម្បីឱ្យអាជីវកម្មទាំងនោះអាចងើបឡើងវិញ បានឆាប់រហ័ស ក្នុងការឈានទៅរកការស្តារប្រទេសឡើងវិញ ដើម្បីរុញកំណើនសេដ្ឋកិច្ច និងបន្តការងារអភិវឌ្ឍន៍ប្រទេស ឱ្យអាចដំណើរការជាប្រក្រតីឡើងវិញ។

លោកបន្តថា ដូចដែលយើងបានដឹងហើយ ស្ថានការណ៍នៅប្រទេសកម្ពុជា គឺមិនជាអាក្រក់ពេកទេ តែក៏មិនល្អទាំងស្រុងដែរ ពោលគឺយើងស្ថិតក្នុងកម្រិតមធ្យម ក្នុងកិច្ចការគ្រប់គ្រងការរាតត្បាតជំងឺកូវីដ ជាក់ស្តែងកន្លងមកនេះ យើងមានករណីចម្លងក្នុងសហគមន៍ជាលើកដំបូង ដែលបង្កជាក្តីបារម្ភយ៉ាងខ្លាំងដល់យើងខ្ញុំ តែមកទល់ពេលនេះ យើងអាចគ្រប់គ្រងស្ថានការណ៍បានមួយកម្រិត ត្បិតថាហានិភ័យនៅតែមាន ហើយយើងក៏នៅតែបន្តធ្វើយ៉ាងណា ដើម្បីគ្រប់គ្រងការរាតត្បាត។

ទោះបីជាយ៉ាងនេះក្តី ស្ថានភាពសេដ្ឋកិច្ចប្រទេសកម្ពុជា នៅតែស្ថិតក្នុងកម្រិតមួយ ដែលមិនជាអាក្រក់ខ្លាំងនោះទេ ជាពិសេសពាក់ព័ន្ធនឹងកិច្ចការ ធានាបាននូវស្ថេរភាពសង្គម ដោយសាររាជរដ្ឋាភិបាលបានខ្នះខ្នែង ធ្វើយ៉ាងណា ដើម្បីធានាបានថា ប្រជាជនអាចរក្សាបានការងារ ក៏ដូចជាមានមធ្យោបាយ ដើម្បីរស់បានក្នុងគ្រាដ៏លំបាកនេះ ហើយយើងនឹងបន្តធានាថា យើងផ្តល់ការយកចិត្តទុកដាក់ ដល់ប្រជាជនគ្រប់រូប ដោយមិនគិតថា ក្នុងប្រព័ន្ធ ឬវិស័យក្រៅប្រព័ន្ធ ឬជាកម្មករ កសិករ ឬម្ចាស់អាជីវកម្មនោះឡើយ គឺត្រូវឱ្យពួកគាត់រស់បាន និងត្រៀមលក្ខណៈគ្រប់គ្រាន់ សម្រាប់ត្រឡប់មកចូលរួមជាកម្លាំង រុញច្រានកំណើនសេដ្ឋកិច្ចឡើងវិញ។

លោក វង្សី វិស្សុត បានលើកឡើងផងដែរថា ជាជំហានបន្ទាប់ដែលយើងកំពុងធ្វើនោះ គឺរៀបចំផែនការស្តារនិងជំរុញ ការងើបឡើងវិញ នៃសេដ្ឋកិច្ចលើមុខព្រួញ៣៖

*ទី១៖ បន្តអនុវត្តគោលនយោបាយចម្រុះ រវាងគោលនយោបាយរូបិយវត្ថុ គោលនយោបាយសារពើពន្ធ និងគោលនយោបាយ រចនាសម្ព័ន្ធ ដើម្បីធានាថា ម៉ាក្រូសេដ្ឋកិច្ចជាមូលដ្ឋាន គឺយើងអាចគ្រប់គ្រងបាន ក៏ដូចជាដើម្បីធ្វើយ៉ាងណាឱ្យក្បាលម៉ាស៊ីនសេដ្ឋកិច្ចនៅតែដំណើរការ
*ទី២៖ បន្តកែទម្រង់រចនាសម្ព័ន្ធ ដើម្បីបន្តដោះស្រាយ តាមតែអាចធ្វើទៅបាន ចំពោះបញ្ហាដែលជាកត្តារាំងស្ទះនានា ដែលជាគន្លឹះក្នុងការពង្រីកសក្តានុពល លើការងារពង្រឹងភាពប្រកួតប្រជែងរបស់យើង ក៏ដូចជាការធ្វើពិពិធកម្មមូលដ្ឋានគ្រឹះសេដ្ឋកិច្ច
*ទី៣៖ បង្កើនការវិនិយោគបន្ថែមលើវិស័យគន្លឹះៗ ដើម្បីទ្រទ្រង់កំណើន សម្រាប់ការងើបឡើងវិញ នៃសេដ្ឋកិច្ច ដូចជាវិស័យហេដ្ឋា-រចនាសម្ព័ន្ធ, ការតភ្ជាប់, បច្ចេកវិទ្យាឌីជីថល ដែលសុទ្ធតែមានភាពចំបាច់ក្នុងពិភពលោកក្រោយបរិការណ៍ជំងឺកូវីដ-៩។

ជាមួយគ្នានេះ យើងក៏ត្រូវបង្កើនការវិនិយោគបន្ថែមលើវិស័យធនធានមនុស្ស ប្រព័ន្ធសុខមាលភាពសង្គម ក្នុងនោះរួមទំាំងផ្នែកថែទាំសុខភាព និងផ្នែកព្យាបាលជំងឺ ដើម្បីអាចធានាបានថា នៅពេលដែលមានជំងឺកូវីដ-១៩ ឬជំងឺឆ្លងផ្សេងទៀតដូចករណីជំងឺកូវីដ-១៩ ត្រឡប់មកវិញ យើងអាចទប់ស្កាត់បានប្រកបដោយស័ក្តិសិទ្ធភាព។ ជារួមគឺយើងត្រូវពង្រឹងភាពធន់របស់កម្ពុជាយើង ទាំងខាងផ្នែកធនធានមនុស្ស ផ្នែកសមត្ថភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាសមត្ថភាពឆ្លើយតបនឹងកត្តាប្រឈមផ្សេងៗទៀត ដូចជាការប្រែប្រួលអាកាសធាតុ ដែលកំពុងក្លាយជាតថភាពជាក់ស្តែងមួយក្នុងសង្គមផងដែរ។ ដូចនេះ សម្រាប់ក្របខណ្ឌ នៃការវិនិយោគរយៈពេលវែងនៅកម្ពុជា យើងកំពុងពិនិត្យមើលគ្រប់ផ្នែកគ្រប់ជ្រុងទាំងអស់ ដែលពិភពលោក ក្រោយកូវីដ-១៩ ក្នុងនោះរាប់ទាំងកម្ពុជាផងដែរ ត្រូវប្រឈម និងត្រូវរៀនរស់ជាមួយប្រក្រតីថ្មី ដើម្បីឆ្លងផុតកត្តាប្រឈមទាំងនោះ ហើយអាចងាកទៅគន្លងនៃកំណើន និងគន្លងឆ្ពោះទៅគោលដៅក្លាយជាប្រទេស ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០។ យើងត្រូវធ្វើកិច្ចការនេះជាសាកល ដោយអនុវត្តវិធានការដោយឡែក ជាក់ស្តែងតាមបរិការណ៍ របស់ប្រទេសយើង ហើយប្រទេសយើងនឹងចូលរួមចំណែកក្នុងកិច្ចការនេះ ក្នុងបរិការណ៍ពិភពលោកថ្មី ឬប្រក្រតីភាពថ្មី (New Normal)។

លោកបន្តទៀតថា កម្ពុជាបានដាក់គោលដៅ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាជនឱ្យបានប្រមាណ ១០លាននាក់ ដោយក្នុងនោះ «មជ្ឈមណ្ឌលទទួលបាន វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ជាសកល» (COVAX Facility) នឹងផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់ប្រជាជនចំនួនពី ៣ ទៅ ៤ លាននាក់។ ដោយឡែក នៅសល់ប្រមាណ ៦ ទៅ ៧ លាននាក់ទៀត ដែលរាជរដ្ឋាភិបាល ត្រូវផ្តល់ជូនតាមរយៈការស្វែងជំនួយផ្គត់ផ្គង់ ពីដៃគូអភិវឌ្ឍន៍ផ្សេងទៀត និងដោយការធ្វើលទ្ធកម្មទិញ ដោយរាជរដ្ឋាភិបាលផ្ទាល់។ ក្នុងន័យនេះ លោកបានសុំឱ្យដៃគូអភិវឌ្ឍន៍ទាំងទ្វេភាគី និងពហុភាគី ចូលរួមសហការ ឱ្យកាន់តែជិតស្និទ្ធជាមួយក្រសួងសុខាភិបាល ដើម្បីវាយតម្លៃ និងកំណត់ចំនួនវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលត្រូវទិញ និងជួយកំណត់មុខសញ្ញាក្រុមហ៊ុនផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលមានភាពសមស្របបំផុតទៅនឹងតម្រូវការ និងស្ថានភាពជាក់ស្តែងរបស់កម្ពុជា។
រាជរដ្ឋាភិបាលសូមស្វាគមន៍ ចំពោះការចូលរួមចំណែកពីគ្រប់ដៃគូទាំងអស់ ទាំងក្នុងរូបភាពជាជំនួយបច្ចេកទេស ឬហិរញ្ញប្បទានឥតសំណង ឬជាកម្ចីដែលមានសម្បទានខ្ពស់ ចំពោះថវិកាសម្រាប់លទ្ធកម្មទិញវ៉ាក់សាំង និងថវិកាសម្រាប់ចំណាយប្រតិបត្តិការក្នុងការអនុវត្តកម្មវិធីចាក់វ៉ាក់សាំង ហើយរាជរដ្ឋាភិបាលនឹងធ្វើការបំពេញបន្ថែម ក្នុងករណីមានការខ្វះខាត។

ជាការឆ្លើយតប, បណ្តាដៃគូអភិវឌ្ឍន៍នានាទាំងពហុភាគី និងទ្វេភាគី បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលក្នុងភាពជាម្ចាស់ ប្រកបដោយបុរេសកម្មលើកិច្ចការ ប្រយុទ្ធប្រឆាំងនឺងជំងឺរាតត្បាតជាសកលនេះ និងបានបង្ហាញជំហរច្បាស់លាស់ ក្នុងការត្រៀមខ្លួនជាស្រេច ក្នុងបន្តសកម្មចូលរួមជាមួយ រាជរដ្ឋាភិបាលថែមទៀត៕