(ស្វាយរៀង)៖ លោក ផឹង និល ប្រធានសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០នេះ បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត អាជ្ញាធរដែនដី ចុះពិនិត្យមុខទំនិញនៅផ្សារវាលយន្ត ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដើម្បីស្វែងរកសារធាតុគីមី និងទំនិញដែលហួសកាលបរិច្ឆេទប្រើប្រាស់។

លោក ផឹង និល បានឱ្យដឹងថា ក្រុមត្រួតពិនិត្យមន្ត្រីជំនាញបានពិនិត្យគ្រឿងឧបភោគ បរិភោគនៅតាមស្តង់ក្នុងផ្សារតាំងលក់ទំនិញមួយចំនួននិងបានប្រើប្រាស់ ឧបករណធ្វើ Test Kits បឋមលើម្ហូបអារហាចំនួន១៧គំរូ និងបន្លែ នំ បង្អែមចំនួន២៧គំរូទៀត យកមកធ្វើតេស្តពិសោធន៍នៅមន្ទីរពិសោធន៍ខ្នាតតូច ដើម្បីស្វែងរក សារធាតុគីមីហាមឃាត់ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។

លោកបានបញ្ជាក់ថា ជាលទ្ធផលក្រោយការចុះអនុវត្តការងារ មន្ត្រីជំនាញបានរកឃើញទំនិញមានសារធាតុគីមី Borax នៅក្នុងពពុះសណ្តែកចំនួន ១៤គីឡូក្រាម និងនំចម្រុះចំនួន៣២គីឡូក្រាម ហួសកាលបរិច្ឆេទប្រើប្រាស់ ហើយមន្ត្រីជំនាញបានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះ យកមករក្សាទុកដើម្បីធ្វើការដុតកម្ទេចចោល នៅពេលក្រោយ។

លោក ផឹង និល ក៏បានអំពាវនាវដល់អាជីវករ ដែលជាអ្នកលក់ដូរត្រូវចូលរួមសហការជាមួយមន្ត្រីជំនាញ ដើម្បីធ្វើតេស្តរកសារធាតុគីមីហាមឃាត់ ដាក់ក្នុងម្ហូបអាហារ និងទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ ដើម្បីចូលរួមលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋឲ្យបានល្អប្រសើរ៕