(បន្ទាយមានជ័យ)៖ ក្រោមការបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ, កម្លាំងការិយាល័យ និងផ្នែកជំនាញប្រឆាំងគ្រឿងញៀនក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុង ចុះសហការជាមួយកម្លាំងការិយាល័យផ្សព្វផ្សាយអប់រំ (ក៩) ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី យិន បញ្ញារិទ្ធ នាយករងមន្ទីប្រឆាំងគ្រឿងញៀន ក្រោមការសម្របសម្រួលនីតិវិធីពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត បានចុះបង្រ្កាបករណីជួញដូរគ្រឿងញៀន ក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ស្រី១នាក់ រួមនឹងវត្ថុតាងគ្រឿងញៀនជាង ១០ប្រភេទ ទម្ងន់ជិត ១០គីឡូក្រាម និងអាវុធខ្លី១ដើម។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ និងលោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរងទទួលបន្ទុកផែនគ្រឿងញៀន បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ ឱ្យដឹងថា ការចុះបង្ក្រាបករណីចែកចាយគ្រឿងញៀនដ៏ធំនេះ គឺកម្លាំងជំនាញ បានសហការគ្នាយ៉ាងល្អ ដើម្បីធ្វើការត្រួតពិនិត្យ និងឆែកឆេររហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ និងស្វែងរកវត្ថុតាងទាំង២ទីតាំង។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានបញ្ជាក់ថា ដោយទីតាំងទី១ ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ រួមមានទី១៖ ឈ្មោះ ទី យៀង ភេទស្រី អាយុ៤៣ឆ្នាំ ភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត និងទី២៖ ឈ្មោះ ហុង ម៉េង ភេទប្រុស អាយុ១៦ឆ្នាំ នៅក្នុងបន្ទប់ជួលស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត រឹបអូសបានវត្ថុតាងមានចំនួន ២វ៉ាលីសង្ស័យមានសារធាតុញៀន និងបន្តចុះបង្ក្រាបទីតាំងទី២ ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សេង ដាលីសិទ្ធិ ហៅចិន ភេទប្រុស អាយុ៤០ឆ្នាំ ស្នាក់នៅបន្ទប់ជួល ស្ថិតភូមិប៉ាលិលេយ្យ១ សង្កាត់/ក្រុងប៉ោយប៉ែត រឹបអូសវត្ថុតាងរួមមាន៖ កេសដែកចំនួន១ដាក់គ្រឿងញៀន និងអាវុធខ្លី១ដើមផងដែរ។

ក្រោយពេលឃាត់ខ្លួនជនសង្ស័យប្រុស ស្រីទាំង៣នាក់ រួមនិងវត្ថុតាងមានចំនួន ២វ៉ាលី និង១កេស ដែលមានគ្រឿងញៀនជាង ១០ ប្រភេទទម្ងន់ជិត១០គីឡូក្រាម មានម្ស៉ៅសថ្លាប្រភេទមេតំហ្វេតាមីន ហៅខេទឹកក, ម្ស៉ៅក្រាមពណ៌ស ប្រភេទមេតំហ្វេតាមីន ហៅខេគ្រឿងញៀន ប្រភេទកេតា មីនដប និងគ្រឿងញៀនជាច្រើនប្រភេទទៀត។

ដោយឡែកអាវុធខ្លីស៊េរីទំនើប១ដើម មាន២បង់ និងគ្រាប់មួយចំនួនទៀត ត្រូវបានរៀបចំឯកសារប្រគល់ជូនទៅមន្ទីរប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ ដើម្បីបន្តតាមនីតិវិធីច្បាប់៕