(ភ្នំពេញ)៖ អភិបាលខណ្ឌឫស្សីកែវ លោក ជា ពិសី និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំមន្ត្រីជុំនាញ និងអាជ្ញាធរសង្កាត់ ព្រមទាំងភាគីក្រុមហ៊ុន (ប៊ីប៊ីអ៉ី) ដែលជាក្រុមហ៊ុនកំពុងអនុវត្តគម្រោងធ្វើផ្លូវ ក្នុងការចុះពិនិត្យមើលជាក់ស្ដែង ដើម្បីជំរុញ និងពន្លឿនបន្ថែមទៀតចំពោះការជួសជុល និងស្ថាបនាផ្លូវជាតិលេខ៥ឡើងវិញ ចាប់ពីខាងមុខរោងចក្រ SKD សង្កាត់គីឡូម៉ែតលេខ៦ រហូតដល់ចំណុចគីឡូម៉ែតលេខ៨ សង្កាត់ច្រាំងចំរេះទី១។

ការចុះពិនិត្យមើលជាក់ស្ដែង ដើម្បីជំរុញ និងពន្លឿនបន្ថែមទៀត ចំពោះការជួសជុល និងស្ថាបនាពង្រីកផ្លូវជាតិលេខ៥ឡើងវិញ ចាប់ពីខាងមុខរោងចក្រ SKD សង្កាត់គីឡូម៉ែតលេខ៦ រហូតដល់ចំណុចគីឡូម៉ែតលេខ៨ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ ពីសំណាក់លោក ជា ពិសី នេះគឺបានធ្វើឡើងតាមគម្រោងអភិវឌ្ឍន៍របស់រដ្ឋបាលរាជធានីភ្នំពេញ និងបន្ទាប់ពីទទួលបានការអនុញ្ញាតពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០។

លោក ជា ពិសី បានថ្លែងថា ការអនុវត្តគម្រោងពង្រីក ជួសជុល និងស្ថាបនាឡើងវិញ ផ្លូវជាតិលេខ៥ ចាប់ពីសង្កាត់គីឡូម៉ែតលេខ៦ រហូតទល់នឹង សង្កាត់ច្រាំងចំរេះទី១ ដែលជាគម្រោងអភិវឌ្ឍន៍របស់រដ្ឋបាលរាជធានីភ្នំពេញរួមមាន៖

*ទី១៖ ពង្រីកផ្លូវពីខាងមុខសាលាខណ្ឌប្ញស្សីកែវ រហូតដល់ មុខរោងចក្រ SKD ដែលមានប្រវែង ១,១០០ ម៉ែត្រ ដោយធ្វើការពង្រីកផ្លូវ៥ម៉ែត្រ ផ្នែកខាងកើតចំនួន ០៣ ម៉ែត្រ និងផ្នែកខាងលិច ចំនួន ០២ ម៉ែត្រ ព្រមទាំង អ៊ុតកៅស៊ូកម្រាស់ ០,៩ ហ៊ុន។
*ទី២៖ ចាប់ពីមុខសាលាខណ្ឌប្ញស្សីកែវ រហូតដល់ ចំណុចគីឡូម៉ែត្រលេខ៨ ក្នុងសង្កាត់ច្រាំងចំរេះទី១ មានប្រវែងចំនួន ១,៧០០ ម៉ែត្រ នឹងធ្វើការជួសជុលជង្ហុកសំបុកមាន់ ព្រមទាំង អ៊ុតកៅស៊ូ កម្រាស់ ០,៥ ហ៊ុន បន្ថែមទៀត៕