(កំពង់ធំ)៖ ដើម្បីចូលរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពគ្រួសារដល់ប្រជាពលរដ្ឋ ក្នុងរដូវកាលការរីករាដាល នៃជំងឺកូវីដ១៩ លោក ខាន់ ខុន សមាជិកអចិន្ត្រៃយ៍សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ធំ សហការជាមួយក្រុមហ៊ុនប៊ីម៉ារៀលអ៊ីស្ទេត (BemaReal Estate co.Ltd) បាននាំយកគ្រឿងឧបភោគបរិភោគ ផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះ ជនចាស់ជរា ស្រ្ដីមេម៉ាយ ជនពិការ និងប្រជាពលរដ្ឋជួបបញ្ហាលំបាកខ្វះស្បៀងអាហារ ចំនួន ៣៥០គ្រួសារ ដែលការចែកអំណោយចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ចំនួនបួនទីតាំងផ្សេងគ្នា។

លោក ខាន់ ខុន បានថ្លែងអំណរគុណដល់ក្រុមហ៊ុនប៊ីម៉ារៀលអ៊ីស្ទេត (BemaReal Estate co.Ltd) និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ធំ ដែលតែងតែជួយដល់ ប្រជាពលរដ្ឋងាយរងគ្រោះ ដើម្បីចូលរួមក្នុងការដោះស្រាយជាមួយនឹងរដ្ឋរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្តផងដែរ។

លោក ខាន់ ខុន ក៏បានជំរុញដល់ប្រជាពលរដ្ឋ និងអ្នកចូលរួមទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ដោយចូលរួមអនុវត្តវិធានការពារ និងកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ១៩ ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមសារអប់រំនានា របស់ក្រសួងសុខាភិបាល ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងជំងឺដ៏កាចសាហាវនេះ តាមរយៈការលាងដៃឲ្យបាន ញឹកញាប់ជាប្រចាំជាមួយសាប៊ូ ទឹកស្អាត ត្រូវទម្លាប់ហូបទឹកក្តៅរាល់ថ្ងៃដោយយកចិត្តទុកដាក់រក្សាសុខភាពអនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួនឱ្យបានជាប្រចាំពិសេស បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ និងត្រូវពាក់ម៉ាស់ឬក្រមាពេលចេញក្រៅផ្ទះជាដើម។

ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីការពារសុវត្ថិភាពផ្ទាល់ ខ្លួននិងអ្នកដទៃ ដើម្បីកាត់បន្ថយការស្លាប់និងពិការភាព និងជួយអប់រំណែនាំដល់កូន ចៅឱ្យរស់នៅឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនវានឹងបំផ្លាញអនាគតរបស់យើង ក្រុមគ្រួសារ និងសង្គមជាតិ។

លោកបានបន្តថា ចំពោះភូមិ/ ឃុំ មានសុវត្ថិភាពត្រូវបានផ្សព្វផ្សាយឲ្យបានទូលំទូលាយនៅតាមមូលដ្ឋាន ដើម្បីឱ្យប្រជាពលរដ្ឋទទួលបាន នូវចំណេះដឹងច្បាស់លាស់ កុំឲ្យមានបញ្ហាអំពើហិង្សាក្នុងគ្រួសារ និងការរំលោភបំពានផ្សេងៗដែលរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់បំផុត ព្រមទាំងខិតខំពន្យល់ដល់ប្រជាពលរដ្ឋឲ្យយល់ដឹងពីការ ប្រែប្រួលអាកាសធាតុផងដែរ។

លោក ខាន់ ខុន បានថ្លែងទៀតថា សម្តេចតេជោ ហ៊ុន សែន មិនដែលភ្លេចប្រជាពលរដ្ឋកម្ពុជាម្តងណាឡើយ គឺបានរំដោះប្រទេសផុតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម កសាង និងអភិវឌ្ឍប្រទេសជាតិ ព្រមទាំងបានស្វែងរកសន្តិភាពជូនជាតិកម្ពុជា តាមរយៈគោលនយោបាយ ឈ្នះ-ឈ្នះ រួបរួមគ្នាខ្មែរក្រោមដំបូលតែមួយ និងបានការពារសន្តិភាព បានពេញលេញយ៉ាងពិតប្រាកដ។

សូមបញ្ជាក់ថា ពលរដ្ឋដែលទទួលបានអំណោយរួមមាន៖ ពលរដ្ឋនៅក្នុងក្រុងស្ទឹងសែន ៧០គ្រួសារ, ស្រុកសន្ទុក ៧០គ្រួសារ, ស្រុកប្រាសាទបល័ង្ក ២១០គ្រួសារ ដោយក្នុង១គ្រួសារទទួលបាន អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ និងអាហារបំប៉នផងដែរ៕