(កំពត)៖ ស្នងការនគបាលខេត្តកំពត លោកឧត្តមសេនីយ៍ត្រី ម៉ៅ ច័ន្ទមធុរិទ្ធ បានព្រមានចាត់វិធាន​ការយ៉ាងមឺុងម៉ាត់ ចំពោះមន្រ្តីនគរ​បាលរបស់ខ្លួន ដែលប្រើតួនាទីទៅគៀប​យកលុយពីប្រជាពលរដ្ឋ លើសពីអ្វីដែលច្បាប់​បានកំណត់ ជាពិសេសនោះ លោកសំដៅទៅលើមន្រ្តីនគរបាលចរាចរ នៅតាមគោល​ដៅនានា។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ នៅថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០១៦នេះថា «ជំរាបជូនបង​ប្អូនជនរួមជាតិទាំងអស់ ជាពិសេសបងប្អូន​ដែលរស់នៅ​ក្នុងខេត្តកំពត ពាក់ព័ន្ធ ក្នុងការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោគថ្មី​រៀងរាល់ថ្ងៃនេះ ប្រសិនបើមន្ត្រី​របស់ស្នងការដ្ឋាន​នគរបាលខេត្តកំពត និងមន្ត្រីរបស់​អធិការដ្ឋាននគរបាល​ទាំង៨ស្រុក​-ក្រុង ធ្វើអ្វីមួយលើស​ពីច្បាប់​កំណត់ សូម​យកឈ្មោះ និងអត្តលេខ​របស់គាត់ ខ្ញុំស្នងការខេត្តកំពត​ នឹងដោះស្រាយជូន។ ខ្ញុំមិនអនុញ្ញាត​ឲ្យពួកគាត់យកវេទិការ​នេះមកធ្វើជាខែល​ ដើម្បីបំរើដល់ប្រយោជន៍​ផ្ទាល់ខ្លួនឡើយ»

សូមបញ្ជាក់ថា ក្រោយច្បាប់ចរាចរណ៍​ផ្លូវគោកថ្មី ត្រូវបានរឹត​បន្តឹងនោះ កម្លាំងនគរបាលចរាចរទូទាំង​ប្រទេស បាននិងកំពុងអនុវត្តយ៉ាង​មឺុងម៉ាត់ តាមរយ:ការចុះដាក់គោល​ដៅចាប់អ្នកបើករថយន្ត និងអ្នកបើក​ម៉ូតូអត់​គោរពច្បាប់ ហើយមានការចេញវិក័យប័ត្រ​ជូនទៀតផង ដោយការបង់ផាកពិន័យ គឺមានច្រើនជាង​ពីពេលកន្លងទៅ ៕