(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌចំការមន ក្រោយប្រទះឃើញយុវជនមួយក្រុមជិះម៉ូតូកែច្នៃបំពុងស៊ីម៉ាំងខុសបច្ចេកទេស និងធ្វើឱ្យលឺសំឡេងខ្លាំង ប៉ះពាល់ដល់ប្រជាពលរដ្ឋផ្សេងទៀតនៅក្បែរដងផ្លូវ ក៏ដេញបង្ក្រាប និងឃាត់បានម៉ូតូ៣គ្រឿង នារសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ និងបាននាំក្រុមយុវជនទាំងនោះ យកទៅអប់រំឱ្យ ធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព និងដោះដូរបំពុងស៊ីម៉ាំងឱ្យដូចដើមវិញផងដែរ។

លោក យិន សាន អធិការនគរបាលខណ្ឌចំការមន បានឱ្យដឹងថា ក្រុមយុវជនជិះម៉ូតូកែច្នៃបំពុងស៊ីម៉ាំងខុសបច្ចេកទេសនេះ បានឃាត់ខ្លួនយកទៅផ្នែកចរាចរណ៍ ឱ្យធ្វើកិច្ចសន្យា និងណែនាំពីច្បាប់ចរាចរណ៍ផ្លូវគោក (អនុក្រឹត្យលេខ៣៨) ត្រូវពិន័យទឹកប្រាក់ ១០០,០០០រៀល អំពើល្មើសអក្ស័រគ សម្លេងម៉ាស៊ីនខ្លាំង ឬផ្សែងច្រើន ដោយក្នុងនោះ នគរបាលប៉ុស្តិ៍ទាំង៥ បានធ្វើការឃាត់បានម៉ូតូទាំង៣គ្រឿង ទុករយៈពេល៣ថ្ងៃ មិនតម្រូវការផាកពិន័យរាល់បង់លុយកាក់នោះទេ តែតម្រូវធ្វើកិច្ចសន្យា បញ្ឈប់ សកម្មភាពកែច្នៃបំពុងស៊ីម៉ាំង និងដូរបំពង់ស៊ីម៉ាំងឱ្យដូចដើមវិញ និងប្រគល់ម៉ូតូយកទៅប្រើប្រាស់វិញ។

លោក យិន សាន បានបន្តថា ប្រសិនបើមានលើកទី២ កម្លាំងនគរបាលឃាត់បានម៉ូតូដដែល និងធ្វើការផាកពិន័យគុណជាពីរតែម្តង។ ការឃាត់មកធ្វើការអប់រំនេះ ដោយសារម៉ូតូធ្វើឱ្យលឺសំឡេង ប៉ះពាល់ ដល់អ្នកដែលធ្វើដំណើរផ្សេងទៀត។

ដោយសង្កេតឃើញថា ការផ្អាកអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកមាន ខេត្តសៀមរាម និងទីក្រុងភ្នំពេញ តាំងពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ចាប់ផ្ដើមអនុវត្តព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០នេះវិញ ដោយចាប់ផ្ដើមអនុវត្តរឹតបន្តឹង ច្បាប់ចរាចរណ៍ផ្លូវគោកទាំង១៤ អធិការដ្ឋានខណ្ឌ រួមចំណុះនគរបាលការិយាល័យចរាចរណ៍ផ្លូវគោក តាមគោលដៅ ដែលបានកំណត់ ដូចនេះសូមប្រជាពលរដ្ឋរកុំវល់តែខ្លាចកូវីដ១៩ តែភ្លេចខ្លួនការពារបើកបរមិនគោរពច្បាប់ ចរាចរណ៍ធ្វើឱ្យខូចខាតសម្ភារ: និងរបួសស្លាប់នៅលើដងផ្លូវដើម្បី កាត់បន្ថយ គ្រោះ ចរាចរណ៍ សូមបើកម៉ូតូមានកញ្ចក់ មួកបើកបររថយន្តតម្រូវពាក់ខ្សែក្រវ៉ាត់ និងគោរពផ្លាកសញ្ញា និងភ្លើងស្តុបផង៕