(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ រដ្ឋបាលខេត្ត បានឧបត្ថម្ភជូនប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រ និងមានជីវភាពខ្វះខាត ប៉ះពាល់នឹង «ព្រឹត្តិការណ៍ សហគមន៍ ២៨ វិច្ឆិកា» ចំនួន៣៤គ្រួសារ កំពុងធ្វើចត្តាឡីស័កតាមផ្ទះ។

លោកអភិបាលខេត្ត បានឱ្យដឹងទៀតថា រដ្ឋបាលខេត្តកំពង់ចាម បានទទួលថវិកាពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចំនួន ៥០,០០០,០០០ រៀល សម្រាប់ឧបត្ថម្ភជូនប្រជាពលរដ្ឋក្រីក្រ ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ដែលបានប៉ះពាល់នឹង «ព្រឹត្តិការណ៍ សហគមន៍ ២៨ វិច្ឆិកា» និងបានធ្វើចត្តាឡីស័កនៅតាមផ្ទះ។

ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃ៣០ ខែវិច្ឆិកា ឆ្នាំ២០២០ លោកបានចាត់ឲ្យមន្ត្រីជំនាញមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទាខេត្ត មន្ទីរផែនការខេត្ត សហការជាមួយនឹងអាជ្ញាធរមូលដ្ឋាន ចុះស្រង់ទិន្នន័យ អ្នកដែលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលក្នុង «ព្រឹត្តិការណ៍ សហគមន៍ ២៨ វិច្ឆិកា» ដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ និងមណ្ឌលចត្តាឡីស័ក កំរិត២ របស់រដ្ឋបាលខេត្ត មានចំនួន ៥៦៩នាក់ ស្រី៣២២នាក់ ក្នុងនោះ ប្រជាពលរដ្ឋមានលក្ខណៈសម្បត្តិសមស្រប ក្នុងការទទួលបានការជួយឧបត្ថម្ភថវិកាពីរាជរដ្ឋាភិបាល មានចំនួន ៣៤គ្រួសារ ក្នុងនោះ៖ ស្រុកចំការលើចំនួន ៣១គ្រួសារ និងក្រុងកំពង់ចាម ចំនួន០៣គ្រួសារ។

ទន្ទឹមនឹងនោះដែរ លោកអភិបាលខេត្ត បានចាត់តាំងអភិបាលរងខេត្ត និងមន្រ្តីជំនាញពាក់ព័ន្ធ រួមជាមួយអាជ្ញាធរមូលដ្ឋាន នាំយកថវិការបស់សម្តេចតេជោ ប្រគល់ជូនតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋក្រីក្រ និងប្រជាពលរដ្ឋមានជីវភាព ខ្វះខាត ដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ ដោយគិតត្រឹម ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ រដ្ឋបាលខេត្ត បានឧបត្ថម្ភ បានចំនួន ៣៤គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានថវិកាចំនួន៣០០.០០០រៀល សរុបថវិកាចំនួន ១០.២០០.០០០រៀល បន្ថែមពីនេះ រដ្ឋបាលខេត្តបានឧបត្ថម្ភក្នុងមួយគ្រួសារ៖ អង្ករ ២៥គីឡូក្រាម មី ០១កេស, ទឹកត្រី ០១យួរ ទឹកស៊ីអ៊ីវ ០១យួរ និងម៉ាសចំនួន១៥ម៉ាសផងដែរ៕