(ភ្នំពេញ)៖ ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្តីបំភ្លឺព័ត៌មាន ជុំវិញរឿងមន្ត្រីនគរបាលខេត្ដចំនួន៣ ផឹកស៊ីរហូតដល់ផ្ទុះអាវុធ។

សេចក្តីបំភ្លឺព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០នេះ បានរៀបរាប់យ៉ាងដូច្នេះថា៖ កាលពីថ្ងៃអង្គារ ទី១៥ ខែធ្នូ ឆ្នាំ២០២០ មានគេហទំព័រហ្វេសបុកមួយចំនួន ចុះផ្សាយព័ត៌មានមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យចំនួន៣រូប ផឹកស៊ីផ្ទុះអាវុធ។

ពាក់ព័ន្ធករណីខាងលើនេះ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា នៅថ្ងៃសុក្រ ទី១១ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោងប្រហែល ១៧៖០០នាទី ស្នងការដ្ឋាននគរបាលខេត្ត បានទទួលព័ត៌មានពី ប្រជាពលរដ្ឋតាមរយៈទូរស័ព្ទ ពាក់ព័ន្ធនឹងករណីផ្ទុះអាវុធ ស្ថិតនៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋភ្លាមៗ លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាឲ្យកម្លាំងនគរបាលប្រចាំបញ្ហា និងកម្លាំង នៃអធិការដ្ឋាននគរបាល ក្រុងសិរីសោភ័ណ ចុះស្រាវជ្រាវ និងស៊ើបសួរ។

នៅពេលកម្លាំងនគរបាល ចុះទៅដល់កន្លែងកើតហេតុ ពិនិត្យឃើញថា ពិតជាមានករណីផ្ទុះអាវុធពិតប្រាកដមែន ដែលបង្កឡើងដោយមន្ត្រីនគរបាល មានឈ្មោះដូចខាងក្រោម៖

១៖ លោកវរសេនីយ៍ត្រី ឃឹម អឿត អត្តលេខ៤៤៨១៦ ឋានៈនាយផ្នែករដ្ឋបាលសរុប នៃការិយាល័យសរុបផែនការ (ម្ចាស់ផ្ទះ) បានផ្ទុះអាវុធចំនួន០១គ្រាប់ ដោយបាញ់ឡើងលើ ក្នុងពេលកំពុងផឹកស៊ី។
២៖ លោកអនុសេនីយ៍ទោ សៀក វិនសៀង អត្តលេខ៨១៣៦១ ឋានៈមន្ត្រី នៃអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ បានផ្ទុះអាវុធចំនួន០១គ្រាប់ ដោយបាញ់ឡើងលើ ក្នុងពេលកំពុងផឹកស៊ី។
៣៖ លោកអនុសេនីយ៍ឯក ឧត្តម ឆរ័ត្ន អត្តលេខ៨១៨៨៨ ឋានៈនាយរងផ្នែក នៃការិយាល័យរដ្ឋបាល បានចូលរួមផឹកស៊ីជុំគ្នា តែមិនបានផ្ទុះអាវុធទេ។

បន្ទាប់មក លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាឲ្យនាំខ្លួនមន្ត្រីនគរបាលទាំង០៣រូប មកកាន់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ (ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់) ដើម្បីសាកសួរជុំវិញករណីផ្ទុះអាវុធ រួចប្រគល់ជូនការិយាល័យបុគ្គលិក ដើម្បីគ្រប់គ្រងបន្ត។

នៅថ្ងៃចន្ទ ទី១៤ ខែធ្នូ ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ស្នងការ បានអញ្ជើញសមាជិកក្រុមប្រឹក្សាវិន័យ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចូលរួមប្រជុំ ករណីមន្ត្រីនគរបាលទាំង០៣រូបខាងលើ ហើយរៀបចំរបាយការណ៍គោរពស្នើសុំ គោលការណ៍សម្រេចតាមឋានានុក្រម ឲ្យស្របតាមវិន័យកងកម្លាំងនគរបាលជាតិ លេខ០០៦បបជ៕