(ភ្នំពេញ)៖ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ដែលកំពុងមានព្រះរាជសុខភាពទ្រុឌទ្រោម បានសម្រេចរុះរើក្បាលម៉ាស៊ីនដឹកនាំបក្សទ្រង់ទ្រាយធំ។

យោងតាមសេចក្តីសម្រេចដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០នេះ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានសម្រេចតែងតាំងបុត្រាច្បងរបស់ព្រះអង្គ គឺព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ជាអនុប្រធានគណបក្សហ៊្វុនស៊ិនប៉ិច។

តែងតាំងលោក អាំង សំបូរ ជាអគ្គលេខាធិការប្រតិបត្តិ បន្ថែមលើតួនាទីបច្ចុប្បន្ន និងលោក ផាន់ សិទ្ធី ជាអ្នកនាំពាក្យបក្ស បន្ថែមលើតួនាទីបច្ចុប្បន្ន។

គណបក្សហ៊្វុនស៊ិនប៉ិច ជាមរតកបក្សដែលត្រូវបានបង្កើតឡើងក្រោមស្នាព្រះហស្ថរបស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ដើម្បីចូលរួមប្រកួតប្រជែងក្នុងឆាកនយោបាយតាមបែបលទ្ធិប្រជាធិបតេយ្យ នៅឆ្នាំ១៩៩៣។

គណបក្សហ៊្វុនស៊ិនប៉ិច បន្ទាប់ពីឈ្នះឆ្នោតនៅអាណត្តិទី១រួចមកនោះ បានប្រែជាចុះអន់ថយជាបន្តបន្ទាប់ ពីគណបក្សធំជាងគេនៅកម្ពុជា ក្លាយជាគណបក្សមិនទទួលបានអាសនៈទាល់តែសោះ ក្នុងព្រឹត្តិការណ៍បោះឆ្នោតរដ្ឋសភាអាណត្តិទី៥ ឆ្នាំ២០១៣៕