(សៀមរាប)៖ ដើម្បីលើកកំពស់​សុខភាពប្រជាពលរដ្ឋ ដែលរស់នៅក្នុង​ឃុំក្រឡាញ់ឲ្យកាន់តែល្អប្រសើរ និងមានភាពងាយស្រួល​ក្នុងការពិនិត្យនិងព្យាបាលជំងឺ លោមឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប បានសម្រេច​បង្កើត​មណ្ឌលសុខភាព​មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រ ភូមិសំពៅលូន ឃុំក្រឡាញ់ ស្រុកក្រឡាញ់ខេត្តសៀមរាប។

អញ្ជើញត្រួតពិនិត្យផ្ទាល់ក្នុងការឈួសឆាយ ទីតាំងកសាងបរិវេណ​មណ្ឌលសុខភាពនេះ លោកឧកញ៉ា​ ​បានបញ្ជាក់ថា ការសាងសង់មណ្ឌលសុខភាពនេះ គ្រោងនឹងចំណាយថវិកាប្រមាណជាង ៦ម៉ឺនដុល្លារអាមេរិក ក្នុងនោះមានកសាងអគារ​ចំនួន៣ អគារធំ សំរាប់ពិនិត្យ ព្យាបាលជំងឺទូទៅ និងសំរាប់សំរាលកូន១, បន្ទប់សំរាប់ព្យាបាលជំងឺរបេង១, និងបន្ទប់សំរាប់បុគ្គលិកប្រុសស្រី១, ​ជាមួយនោះក៏មានកសាងរបងព័ទ្ធជុំវិញ បន្ទប់អនាម័យ និងប្រព័ន្ធទឹកស្អាតផងដែរ។

លោកឧកញ៉ា បានឲ្យដឹងទៀតថា ការសាងសង់មណ្ឌលសុខភាពនេះ គ្រោងនឹងសាងសង់​ឲ្យរួចរាល់ក្នុងកំឡុង​ខែកុម្ភៈ ឆ្នាំ២០១៧។ ប្រភពថវិការដែលនឹងយកមកសាង​សង់​មណ្ឌលសុខភាពនេះ លោកឧកញ៉ា​​ផ្ទាល់ជាអ្នកទទួល​រ៉ាប់រង ជាមួយនឹងការគៀរគរសប្បុរសជននានា ដើម្បីឧបត្ថម្ភការសាង​សង់នេះ ជាពិសេសលោក សាលា អង់រីកូ សប្បុរសជនប្រទេសស្វីស ដែលលោកតែងតែ គៀរគររកជំនួយ​ពីសប្បុរសជនស្វីស មកកសាងសមិទ្ធផល​នានា ក្នុងប្រទេសកម្ពុជា។

លោកឧកញ៉ា បានឲ្យដឹងទៀតថា មណ្ឌលសុខភាពថ្មីនេះ មានសារៈសំខាន់ណាស់ សំរាប់ជួយ​សង្គ្រោះ​ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕