(ស្វាយរៀង)៖ ផ្ទះប្រជាពលរដ្ឋ៣៨ខ្នង ត្រូវបានដួលរលំ និងរបើកដំបូល ដោយសារមានភ្លៀងលាយឡំ និងខ្យល់កន្ត្រាក់យ៉ាងខ្លាំង កាលពីចន្លោះម៉ោង០៤៖៤៥នាទី រហូតដល់ម៉ោង៨យប់ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅស្រុករមាសហែក ស្រុកស្វាយទាប និងក្រុងបាវិត។

អាជ្ញាធរខេត្តស្វាយរៀង បានឲ្យដឹងថា នៅម៉ោង០៤៖៤៥នាទីរសៀល ថ្ងៃទី១៥ ខែធ្នូ នៅភូមិព្រៃឈើទាល និងភូមិពោធិវង្ស ឃុំប្រសូត្រ ស្រុកស្វាយទាប មានករណីខ្យល់កន្ត្រាក់ បណ្ដាលឲ្យរលំ និងប៉ើងដំបូលផ្ទះអស់ សរុបចំនួន១៣ខ្នង (រលំទាំងស្រុងចំនួន៣ខ្នង)។

នៅក្រុងបាវិត ផ្ទះប្រជាពលរដ្ឋ នៅភូមិប្រសប់លាក់ចំនួន១១ខ្នង ត្រូវរបើកដំបូល និងដួលបង្គោលភ្លើង ផ្លូវចូលវត្តកន្សៃរាជ ហៅវត្តប្រសប់លាក់ ខូចខាតសរុបចំនួន៨បង្គោល។

ចំណែកនៅស្រុករមាសហែក នាវេលាម៉ោង៨យប់ មានខ្យល់កន្ត្រាក់បោកបក់យ៉ាងខ្លាំង បណ្ដាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋ ក្នុងឃុំសម្បត្តិមានជ័យ ចំនួន១០ខ្នង និងឃុំសំបួរចំនួន៤ខ្នងផងដែរ។ ប្រភពបន្តថា ករណីភ្លៀងមានលាយខ្យល់កន្ត្រាក់នេះ មិនបណ្ដាលឲ្យមានមនុស្សរងគ្រោះថ្នាក់នោះទេ។

ជាមួយគ្នានេះ អាជ្ញាធរខេត្ត ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ពេលមានភ្លៀង និងខ្យល់កន្ត្រាក់ ត្រូវប្រញាប់ប្រញាល់ រកកន្លែងមានសុវត្ថិភាព ដើម្បីការពារខ្លួន និងត្រូវបិទទូរស័ព្ទពេលមានផ្គររន្ទះ៕