(កណ្តាល)៖ បុរសម្នាក់រងរបួសធ្ងន់ ដោយសារតែជនសង្ស័យកាប់នឹងកាំបិតផ្កាក់ ចំនួន៥កាំបិត។ ជនរងគ្រោះរងរបួស ចំកញ្ចឹង-ក ចំស្មាទាំងសងខាង និងចំភ្លៅទាំងសងខាង។ ហេតុការណ៍នេះកើតឡើង នៅវេលាម៉ោង ១៣៖១០នាទី ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ស្ថិតក្នុងភូមិកណ្តាល ឃុំសណ្តារ ស្រុកលើកដែក ខេត្តកណ្តាល ។

តាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ធី ប៊ុនថន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាកសិករ មានទីលំនៅបន្ចុប្បន្នភូមិ-ឃុំ កើតហេតុខាងលើ ។ ចំនែកជនសង្ស័យ ត្រូវបានសមត្ថកិច្ចអះអាងថា ឈ្មោះ ប៉ុង ពុំ ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅ ក្នុងភូមិឃុំកើតហេតុខាងលើដូចគ្នា។

សមត្ថកិច្ចបានអះអាងឲ្យថា ហេតុការណ៍កាប់ប្រហារបណ្ដាលឲ្យជនរងគ្រោះរងរបួសធ្ងន់នេះ កើតឡើងដោយសាររឿងគំនុំ។ នៅមុនពេលជនរងគ្រោះ បានរៀបការជាមួយប្រពន្ធនោះ គឺក្រុមគ្រួសាររបស់ជនសង្ស័យ បានចូលស្តីដណ្តឹងមុនមកឲ្យជនសង្ស័យ តែត្រូវបានផ្តាច់ពាក្យវិញ ក្រោយមកប្រពន្ធរបស់ជនរងគ្រោះ បានមករៀបការជាប្តីប្រពន្ធជាមួយជនរងគ្រោះវិញ ។

គួរបញ្ជាក់ថា ក្រោយពេលធ្វើសកម្មភាពហើយភ្លាម ជនសង្ស័យក៏បានរត់គេចខ្លួនបាត់តែម្តង។ ចំណែកជនរងគ្រោះ ដោយសារររងរបួសធ្ងន់ ត្រូវបានបងប្អូនបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យប្រទេសវៀតណាម ។

យ៉ាងណាក៏ដោយ សមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ជនសង្ស័យ និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕