(ឧត្តរមានជ័យ)៖ ដើម្បីសុវត្ថិភាពម្ហូបអាហារ ក៏ដូចជា សុខភាពប្រជាពលរដ្ឋនៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០នេះ មន្រ្តីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (កបប) ខេត្តឧត្តរមានជ័យ ដឹកនាំដោយលោក លិញ សុវឌ្ឍនា ប្រធានសាខា ដោយសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត គណៈកម្មការផ្សារ និងអជ្ញាធរដែនដី បានប្រតិបត្តិការការងារ ចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូអាហារ និងធ្វើការត្រួតពិនិត្យទំនិញម្ហូបអាហារ និងគ្រឿងឧបភោគ បរិភោគ នៅផ្សារសំរោង មានទីតាំងនៅក្រុងសំរោង ខេត្តឧត្តរមានជ័យ។

លោក លិញ សុវឌ្ឍនា ប្រធានសាខា ក.ប.ប.ខេត្តឧត្តរមានជ័យ បានឲ្យដឹងថា គោលបំណង នៃការត្រួតពិនិត្យ គឺដើម្បីស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព និងទំនិញដែលមិនមានអនុលោមភាព ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។

លោកបានឲ្យដឹងថា ក្នុងសកម្មភាពនេះ ក្រុមការងារបានត្រួតពិនិត្យទំនិញវេចខ្ចប់រួចជាស្រេច និងបានធ្វើតេស្តបឋមលើផលិតផលទំនិញបានចំនួន១០គំរូ រួមមាន៖ នំបញ្ចុក ស្ពៃជ្រក់(០២គំរូ) ខ្ញីហាន់រួច សណ្ដែកបណ្ដុះ ជ្រក់ទំពាំង(ថៃ) ពពុះសណ្ដែក សរសៃបាញ់កាញ់ និងអំបិល(០២គំរូ) ដើម្បីវិភាគរកសារធាតុ អ៊ីយ៉ូត និងសារធាតុគីមីហាមឃាត់។

លោកបានបន្តទៀតថា ជាលទ្ធផល ក្រុមការងារជំនាញរបស់លោក បានដកហូតទំនិញ ដែលហួសកាលបរិច្ឆេតប្រើប្រាស់ ខូចគុណភាព និងទំនិញ ដែលមិនមានអនុលោមភាព សរុបបានចំនួន៤២.៦១ គីឡូក្រាម យកមកធ្វើការកំទេចចោលក្នុងនោះរួមមាន៖

*ទឹកសណ្ដែកកូនក្មេង (ថៃ) ចំនួន ៦៦ប្រអប់តូច
*ទឹកក្រូចម៉ាក Big CoLa ដបតូច (ថៃ) ចំនួន៤៨ដប
*ប្រហិតហតដក (ថៃ) ចំនួន៤កញ្ចប់
*ប្រហិតសាច់គោ សាច់ជ្រូក (ថៃ) ចំនួន១៥ថង់

នៅក្នុងប្រតិបត្តិការនេះ ក្រុមការងារជំនាញរបស់លោក បានបិទ និងផ្សព្វផ្សាយ ផ្ទាំងរូបភាព(Poster) បានចំនួន ៥០ផ្ទាំង និងពន្យល់ណែនាំដល់អាជីវករឲ្យបានយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្ដីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផលទំនិញ និងសេវា ដើម្បីជៀសវាងបង្ករផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ដែលអាចប្រឈមចំពោះមុខច្បាប់ថែមទៀតផង។

លើសពីនេះ ក្រុមការងារបានត្រួតពិនិត្យ ដោយធ្វើតេស្តបឋមលើអាល់កុលបានចំនួន០២គំរូ និងតាមដាន លើតម្លៃម៉ាស អាល់កុល ជែល ដែលដាក់លក់តាមបណ្ដា ឱសថស្ថាននានាឃើញថា ពុំមានអាល់កុលក្លែងក្លាយ (មេតាណុល) ហើយចំពោះតម្លៃក៏ពុំមានការប្រែប្រួលឡើយ៕