(ភ្នំពេញ)៖ អង្គជំនុំជម្រះតុលាការកំពូល នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) នឹងបន្តសវនាការលើបណ្តឹងសាទុក្ខ  ក្នុងសំណុំរឿង ០០២/០១ ចាប់ពីថ្ងៃទី១៦ រហូតដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ ២០១៦ ហើយថ្ងៃទី១៩ ខែកុម្ភៈ គឺជាថ្ងៃបម្រុង ប្រសិនបើ ត្រូវការពេលវេលាបន្ថែម។

ការបន្តសវនាការលើបណ្តឹងសាទុក្ខនេះធ្វើឡើង បន្ទាប់ពីបានផ្អាកដោយសារតែកង្វះការការពារក្តីស្របច្បាប់សមស្របសម្រាប់លោក នួន ជា ដែលបណ្តាលមកពីសហមេធាវីការពារក្តីអន្តរជាតិរបស់គាត់ មិនបានចូលរួមសវនាការលើបណ្តឹងសាទុក្ខ ដែលបានរៀបចំ ឡើងកាលពីថ្ងៃទី១៧-១៩ ខែវិច្ឆិកា ឆ្នាំ ២០១៥។ សហមេធាវីជាតិរបស់គាត់ ក៏បានចាកចេញពីបន្ទប់សវនាការដែរ បើទោះបីជាមាន ការបង្គាប់របស់អង្គជំនុំជម្រះ តុលាការកំពូលឱ្យបន្តមានវត្តមានយ៉ាងណាក៏ដោយ។

លោក នេត្រ ភក្ត្រា មន្ត្រីនាំពាក្យសាលាក្តីខ្មែរក្រហមបានថ្លែងថា នៅក្នុងរយៈពេលបីថ្ងៃ នៃសបា្តហ៍នេះ អង្គជំនុំជម្រះតុលាការកំពូល មានគម្រោងស្តាប់សារណាផ្ទាល់មាត់លើបញ្ហានានា ដែលបានលើកឡើងក្នុងបណ្តឹងសាទុក្ខ ដែលធ្វើឡើងដោយភាគីពាក់ព័ន្ធនានា។

គួររម្លឹកថា នៅក្នុងសេចក្តីសម្រេចរបស់ខ្លួនកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ ២០១៥ អង្គជំនុំជម្រះតុលាការកំពូល បានណែនាំអង្គភាព គាំពារការពារក្តីឱ្យចាត់តាំងមេធាវីបម្រុងសម្រាប់ នួន ជា។ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០១៥ អង្គភាពនេះ បានជ្រើសតាំងមេធាវី ផាត់  ពៅស៊ាង អតីតសហមេធាវីជាតិការពារក្តីឱ្យលោកស្រី អៀង ធីរិទ្ធ ធ្វើជាសហមេធាវីការពារក្តីត្រៀមបម្រុងសម្រាប់ នួន ជា។

សំណុំរឿង០០២/០១ គឺជាការជំនុំជម្រះលើកទីមួយ នៃការជំនុំជម្រះយ៉ាងតិចពីរប្រឆាំងនឹង ខៀវ សំផន អតីតប្រមុខរដ្ឋរបបកម្ពុជា ប្រជាធិបតេយ្យ និង នួន ជា អតីតអនុលេខាបក្សកុម្មុយនីស្តកម្ពុជា។ បទចោទនៅក្នុងសំណុំរឿង ០០២/០១ គឺផ្តោតលើបទឧក្រិដ្ឋ ប្រឆាំងមនុស្សជាតិ ដែលរងការចោទប្រកាន់ក្នុងអំឡុងពេលជម្លៀសនៅទីក្រុងភ្នំពេញ ក្នុងខែមេសា ឆ្នាំ១៩៧៥ និង ការផ្លាស់ទី ដោយបង្ខំបន្តបន្ទាប់ពីតំបន់ដទៃទៀត រួមទាំងការកាប់សម្លាប់ដែលរងការចោទប្រកាន់នៅទួលពោធិ៍ជ្រៃ ក្នុងខេត្តពោធិ៍សាត់។

នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៤ អង្គជំនុំជម្រះសាលាដំបូង បានរកឃើញថា ជនជាប់ចោទមានពិរុទ្ធភាពពីបទឧក្រិដ្ឋប្រឆាំងមនុស្ស ជាតិ និង បានសម្រេចប្រកាសទោសដាក់ពន្ធនាគារជនជាប់ចោទទាំងពីរអស់មួយជីវិត។ នួន ជា និង ខៀវ សំផន បានធ្វើបណ្តឹងសា ទុក្ខប្រឆាំងនឹងសាលក្រមរបស់អង្គជំនុំជម្រះសាលាដំបូង ដោយម្នាក់ៗបានលើកទឡ្ហីករណ៍បណ្តឹងសាទុក្ខរៀងៗខ្លួនចំនួន ២២៣  និង១៤៨។

បន្ថែមលើនេះ សហព្រះរាជអាជ្ញាបានដាក់បណ្តឹងសាទុក្ខដោយកម្រិតត្រឹមតែស្វែងរក ដំណោះស្រាយដែលប្រកាសដោយអង្គជំនុំ ជម្រះតុលាការកំពូលទាក់ទង នឹងភាពអាចអនុវត្តបាននូវទម្រង់ពង្រីកបន្ថែមនៃសហឧក្រិដ្ឋកម្មរួម ដែលហៅថា «សហឧក្រិដ្ឋកម្មរួម ទម្រង់ទីIII» នៅចំពោះមុខ អ.វ.ត.ក៕