(ភ្នំពេញ)៖ លោក ហ៊ីម រ៉ាវី អនុប្រធានក្រុមប្រឹក្សាយុវជន និងសហការីតំណាង លោក លី ចាន់សុភក្តី អនុរដ្ឋលេខាធិការ នៃក្រសួងផែន និងជាប្រធានក្រុមប្រឹក្សាភិបាល បានយកម៉ាស១០០០ និងជែលលាងដៃសម្លាប់មេរោគ៥០ដប ជូនដល់នាយកដ្ឋានសន្តិសុខផ្ទៃក្នុង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

ការប្រគល់ជូនម៉ាស និងជែលលាងដៃសម្លាប់មេរោគ របស់ក្រុមប្រឹក្សាយុវជន នៃ ស.ស.យ.ក រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០នេះ ដើម្បីចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ក្នុងការបង្ការ និងការពារនូវការរីករាលដាល នៃជំងឺកូវីដ១៩ ដែលបាននិងកំពុងតែរីករាលដាល នៅក្នុងប្រទេស។

លោកឧត្តមសេនីយ៍ត្រី យស់ សុធី អនុប្រធាននាយកដ្ឋានសន្តិសុខផ្ទៃក្នុង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ តំណាងលោកប្រធាននាយកដ្ឋាន បានថ្លែងនូវមតិផ្តាំផ្ញើ ថ្លែងអំណរគុណ ដល់លោកប្រធាន នូវទឹកចិត្តផ្តល់នូវអំណោយជាម៉ាស និងជែលលាងដៃនេះ ដែលជាតម្រូវការចាំបាច់ ក្នុងដំណាក់កាលនៃការរីករាលដាលនៃជំងឺនេះ។

ជាមួយគ្នានោះ លោកក៏សូមជូនពរបងប្អូនជនរួមជាតិ ជៀសផុតពីជំងឺឆ្លងកូវីដ១៩នេះ ឲ្យបានគ្រប់ៗគ្នា និងបន្តអនុវត្តន៍តាមវិធានការ ការពាររបស់ក្រសួងសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួន តាមរយៈការធ្វើអនាម័យខ្លួនប្រាណ ការប្រើប្រាស់អាល់កុល ម៉ាស និងលាងដៃឲ្យបានញឹកញាប់ផងដែរ៕