(ភ្នំពេញ)៖ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ «ម្រេចកំពត» ទទួលបានការចុះបញ្ជីការពារជាលក្ខណៈអន្តរជាតិ នៅបណ្តាប្រទេសចំនួន៣២ ក្រោមច្បាប់ទីក្រុងហ្សឺណែវ ស្តីពីកិច្ចព្រមព្រៀងទីក្រុងលីស្បោនអំពីឈ្មោះប្រភពដើមទំនិញ និងម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ។

នេះជាលទ្ធផលជោគជ័យថ្មីមួយសម្រាប់ «ម្រេចកំពត» ដែលជាផលិតផលរបស់កម្ពុជា។ ការស្វះស្វែងរកការចុះបញ្ជីការពារជាលក្ខណៈអន្តរជាតិសម្រាប់ «ម្រេចកំពត» ត្រូវបានធ្វើឡើងក្រោមគំនិតផ្តួចផ្តើមរបស់លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដែលបានដឹកនាំក្រសួងពាណិជ្ជកម្ម ដាក់ពាក្យស្នើសុំចុះបញ្ជីការពារម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ «ម្រេចកំពត» ជាលក្ខណៈអន្តរជាតិ តាំងពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០មកម្ល៉េះ។

ចាប់ពីពេលនេះតទៅ «ម្រេចកំពត» នឹងទទួលបានកិច្ចការពារស្របច្បាប់ មិនឱ្យភាគីទីបីប្រើប្រាស់ដោយគ្មានការអនុញ្ញាត និងរំលោភបំពាននានា ចំពោះម៉ាកសម្គាល់ភូមិសាស្រ្តទំនិញក្នុងបណ្តាប្រទេសជាភាគីហត្ថលេខីឡើយ។

មុននឹងឈានដល់ការចុះបញ្ជីនេះ កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៨ លោករដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ បានដឹកនាំគណៈប្រតិភូកម្ពុជា ទៅកាន់ទីក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីតម្កល់លិខិតុបករណ៍នៃការចូលជាសមាជិកនៃច្បាប់ទីក្រុងហ្សឺណែវ ស្តីពីកិច្ចព្រមព្រៀងទីក្រុងលីស្បោនអំពីឈ្មោះប្រភពដើមទំនិញ និងម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ នៅអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO)។ ច្បាប់នេះបានចូលជាធរមាន នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ហើយការចូលជាសមាជិករបស់ប្រទេសកម្ពុជានេះ គឺជាការវិវឌ្ឍមួយក្នុងការធ្វើសមាហរណកម្មកម្ពុជាបន្ថែមទៀត ចូលទៅកាន់ប្រព័ន្ធអន្តរជាតិ ដែលអនុញ្ញាតឱ្យកម្ពុជាធ្វើការចុះបញ្ជីការពារឈ្មោះប្រភពដើមទំនិញ និងម៉ាកសម្គាល់ភូមិសាស្រ្តទំនិញរបស់ខ្លួនជាលក្ខណៈអន្តរជាតិ តាមរយៈពាក្យស្នើសុំតែមួយនៅអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ហើយទទួលបាននូវកិច្ចការពារជាលក្ខណៈអន្តរជាតិ នៅបណ្តាប្រទេសចំនួន ៣២ ដែលជាភាគីហត្ថលេខី។

សូមបញ្ជាក់ផងដែរថា ក្នុងចំណោមម៉ាកសម្គាល់ភូមិសាស្រ្តទំនិញដទៃទៀត ក្រសួងពាណិជ្ជកម្មបានជ្រើសរើសយក «ម្រេចកំពត» ជាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញទី១ យកមកចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០១០។

ការសម្រេចធ្វើបែបនេះ ក្នុងគោលបំណងកសាងកេរ្តិ៍ឈ្មោះ ការធ្វើពិពិធកម្មទីផ្សារ និងទប់ស្កាត់ការក្លែងបន្លំទំនិញសម្គាល់ភូមិសាស្រ្ត «ម្រេចកំពត» នៅក្នុងតំបន់ និងអន្តរជាតិ ហើយក្រសួងពាណិជ្ជកម្មក៏បានធ្វើការចុះបញ្ជីការពារម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ «ម្រេចកំពត» នៅប្រទេស ថៃ វៀតណាម និងនៅសហភាពអឺរ៉ុបផងដែរ៕