(ភ្នំពេញ)៖ ធនាគារវិនិយោគអឺរ៉ុប (ហៅកាត់ថា EIB) ដែលជាធនាគាររបស់សហភាពអឺរ៉ុប នឹងធ្វើការវិនិយោគជាទឹកប្រាក់ចំនួន៨០លានអឺរ៉ូ ក្នុងគម្រោងកែលម្អប្រព័ន្ធធារាសាស្ត្រ កសិកកម្ម (IAIP) ក្នុងគោលបំណងពង្រីកបណ្ដាញផ្គត់ផ្គង់ទឹក និងប្រព័ន្ធធារាសាស្ត្រ ក្នុងខេត្តជាច្រើននៅទូទាំងប្រទេសកម្ពុជា។ នេះបើតាមសេចក្តីជូនព័ត៌មាន របស់សហគមន៍អឺរ៉ុបប្រចាំកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៦ ខែធ្នូនេះ។

គម្រោង IAIP នឹងបង្កើនប្រសិទ្ធភាពនៃប្រព័ន្ធធារាសាស្ត្រ ដែលនាំឱ្យសកម្មភាពកសិកម្មនៅកម្ពុជា កាន់តែធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។ នៅក្នុងរយៈពេលវែង គម្រោងនេះនឹងរួមចំណែកធ្វើឱ្យកាន់តែប្រសើរ នូវការគ្រប់គ្រងធនធានទឹក បង្កើនប្រសិទ្ធភាពនៃផលិតកម្មកសិកម្ម ដែលនាំឱ្យមានការកាត់បន្ថយភាពក្រីក្រ នៅតាមតំបន់ជនបទនៅកម្ពុជា។

គម្រោងនេះផ្ដល់លទ្ធភាពឱ្យកម្ពុជា អាចបង្កើតមជ្ឈមណ្ឌលជាតិគ្រប់គ្រងទិន្នន័យធនធានទឹក ដែលមានសារៈសំខាន់ក្នុងរយៈពេលវែង ក្នុងការជួយកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ លើការផ្គត់ផ្គង់ទឹក និងកសិកម្ម។

លោក Christian Kettel Thomsen អនុប្រធានធនាគារ EIB ដែលទទួលខុសត្រូវលើប្រតិបត្តិការនៅកម្ពុជា បានឱ្យដឹងថា «ធនាគាររបស់សហភាពអឺរ៉ុប កំពុងវិនិយោគ លើអនាគតរុងរឿង កាន់តែមានសុវត្ថិភាព និងប្រកបដោយចីរភាពសម្រាប់ពលរដ្ឋកម្ពុជា។ រួមគ្នាជាមួយនឹងដៃគូរមកពីធនាគារអភិវឌ្ឍន៍អាស៊ី និងសហភាពអឺរ៉ុប យើងកំពុង រួមចំណែកយ៉ាងពិតប្រាកដដល់កំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន តាមរយៈវិស័យកសិកម្ម និងបង្កើនភាពធន់ទៅនឹងអាកាសធាតុ និងគ្រោះមហន្តរាយនៅ ក្នុងប្រទេសកម្ពុជា»

ការគាំទ្របច្ចេកទេស និងហិរញ្ញវត្ថុនេះនឹងធ្វើឱ្យកម្ពុជាកាន់តែរឹងមាំ កាន់តែមានសុវត្ថិភាព និងកាន់តែធន់ទៅនឹងផលប៉ះពាល់ ដែលបង្កឡើង ដោយសារការប្រែប្រួល អាកាសធាតុ។ គម្រោងនេះក៏នឹងជួយឆ្លើយតបចំពោះតម្រូវការស្ដារឡើងវិញរបស់កម្ពុជា ក្រោយជំងឺកូវីដ-១៩ ជាមួយនឹងការយកចិត្តទុកដាក់ចំពោះបរិស្ថានផងដែរ។ ធនាគារ EIB មានមោទនភាពដែលត្រូវបានទទួលស្គាល់ថាជាដៃគូដ៏រឹងមាំមួយរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា បានឱ្យដឹងដែរថា «យើងស្វាគមន៍ការចូលរួមកាន់តែសកម្មរបស់ធនាគារ EIB នៅកម្ពុជា ជាមួយនឹងការផ្ដល់ថវិកាដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏ធំមួយ ដែលជាគម្រោងទី៣ ក្នុងរយៈពេលមិនដល់២ឆ្នាំផង។ គម្រោងនេះនឹងបង្កើនផលិតកម្មកសិកម្ម ព្រមទាំងលើកកម្ពស់ភាពធន់ទៅនឹងអាកាសធាតុ និងគ្រោះមហន្តរាយ ក៏ដូចជាផ្ដល់ឱ្យប្រទេសនេះនូវជំនួយបច្ចេកទេសដ៏មានសារៈសំខាន់ និងឧបករណ៍ សម្រាប់លើកកម្ពស់អភិបាលកិច្ច វិស័យគ្រប់គ្រងទឹក»

តាមរយៈគម្រោងនេះ ក្រុមអឺរ៉ុប (Team Europe) បន្តគាំទ្រដល់កម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងស្ដារឡើងវិញប្រកបដោយបរិយាបន្ន និងគិតគូរពីបរិស្ថានក្រោយជំងឺកូវីដ-១៩ ក្នុងវិស័យសេដ្ឋកិច្ចដ៏សំខាន់មួយនេះ។ ការធ្វើកសិកម្មប្រកបដោយចីរភាព និងភាពធន់ និងការគ្រប់គ្រងធនធានទឹកប្រកបដោយបរិយាបន្ន អាចជំរុញឱ្យមានការស្ដារ សេដ្ឋកិច្ចឡើងវិញកាន់តែរឹងមាំសម្រាប់ប្រទេសកម្ពុជា ព្រមទាំងបង្កើតការងារថ្មីៗជូនប្រជាពលរដ្ឋនៅក្នុងប្រទេសផងដែរ។

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងដែរថា «រាជរដ្ឋាភិបាលកម្ពុជាស្វាគមន៍ការវិនិយោគពីធនាគារ EIB ក្នុងគម្រោង IAIP ដោយចាត់ទុកថា នេះគឺជាជំហានដ៏សំខាន់មួយដើម្បីឈានឆ្ពោះទៅកែលម្អជីវភាពរស់នៅ និងបង្កើនផលិតកម្មកសិកម្មនៅកម្ពុជា។ គម្រោង IAIP នឹងផ្ដល់លទ្ធភាពឱ្យ កម្ពុជាកាន់តែអាចបន្សាំខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ និងកែលម្អការគ្រប់គ្រងធនធានទឹកសម្រាប់ការងារកសិកម្ម និងរបៀបធ្វើកសិកម្ម។ គម្រោងនេះគឺជាគម្រោង មួយដ៏ល្អ ដែលបង្ហាញពីរបៀបដែលដៃគូនានាអាចធ្វើការងាររួមគ្នាជុំវិញចក្ខុវិស័យតែមួយ ដើម្បីឈានទៅលើកកម្ពស់ភាពធន់ និងវិបុលភាពសម្រាប់ប្រទេសកម្ពុជា»។

ការគាំទ្រដល់ការធ្វើកសិកម្មប្រកបដោយចីរភាព ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹក និងប្រព័ន្ធធារាសាស្ត្រនៅតំបន់ជនបទ និងការនាំមកនូវការអនុវត្តកសិកម្មប្រកប ដោយចីរភាព ក្រោមក្របខ័ណ្ឌនៃគម្រោង IAIP ក៏មានសារៈសំខាន់សម្រាប់ពន្លឿនការស្ដារសេដ្ឋកិច្ចកម្ពុជាឡើងវិញ ក្រោយជំងឺកូវីដ-១៩ ជាមួយនឹងការគិតគូរពីបរិស្ថាន។ គម្រោងនេះនឹងរួមចំណែកបង្កើនសមភាពយេនឌ័រ និងការចូលរួមរបស់ស្ត្រីនៅក្នុងសេដ្ឋកិច្ចនៅតំបន់ជនបទ ដោយសារតែមានចំនួនស្ត្រីជាច្រើននាក់ ដែលកំពុងចូលរួម ក្នុងការងារ កសិកម្មសម្រាប់ចិញ្ចឹមជីវិត។

ការរួមចំណែករបស់ធនាគារ EIB ក្នុងគម្រោង IAIP នេះ នឹងបង្កើនវិសាលភាពរបស់គម្រោង ក៏ដូចជាផ្ដល់លទ្ធភាពឱ្យដៃគូនានា អាចអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រ នៅតំបន់ ជនបទ នៅតាមខេត្តបន្ថែមទៀត។ លើសពីនេះការរួមចំណែកនេះក៏នឹងជួយឱ្យការផ្ដល់ហិរញ្ញប្បទាន កាន់តែមានតម្លៃសមស្របសម្រាប់កម្ពុជាផងដែរ។ ការបញ្ចូល គោលនយោបាយបរិស្ថាន សង្គម និងលទ្ធកម្មរបស់ធនាគារទៅក្នុងការរៀបចំគម្រោង និងការត្រួតពិនិត្យលើការ អនុវត្តគោលនយោបាយទាំងនេះ ឱ្យបានជាប់ជានិច្ច ក្នុងការអនុវត្តគម្រោងទាំងមូល និងរួមចំណែកបង្កើនសមត្ថភាពស្ថាប័នរបស់រាជរដ្ឋាភិបាលកម្ពុជានិងធ្វើឱ្យហេដ្ឋា រចនាសម្ព័ន្ធជនបទកាន់តែមាននិរន្តរភាព។

ជាមួយនឹងការចូលរួមផ្ដល់ហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី និងរាជរដ្ឋាភិបាលកម្ពុជា គម្រោង IAIP គឺជាគម្រោងទី៣ ដែលទទួលបានការគាំទ្រពីធនាគារ EIB នៅកម្ពុជាបន្ទាប់ពីការវិនិយោគក្នុងទឹកប្រាក់ ៩១លានអឺរ៉ូ ក្នុងគម្រោងផ្គត់ផ្គង់ទឹកស្អាតបាខែង (ដោយសហការជាមួយនឹង AFD) និងការគាំទ្រក្នុងទឹកប្រាក់ ៥១.៥លានអឺរ៉ូ សម្រាប់កម្មវិធីធនធានប្រកបដោយចីរភាពសម្រាប់ទីផ្សារកសិកម្ម ធុរកិច្ច និងពាណិជ្ជកម្ម (SAAMBAT) (ដោយសហការជាមួយនឹង IFAD)។ គិតរហូតមកដល់ពេលបច្ចុប្បន្ននេះ ធនាគារសហភាពអឺរ៉ុបបានវិនិយោគទឹកប្រាក់ ២២២.៥លានអឺរ៉ូ ដើម្បីរួមចំណែកដល់កំណើនសង្គម និងសេដ្ឋកិច្ចនៅកម្ពុជា។

សូមបញ្ជាក់ថា ធនាគារវិនិយោគអឺរ៉ុប បានផ្ដល់ការគាំទ្រយ៉ាងសកម្មដល់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជាចាប់តាំងពីឆ្នាំ ២០១៨មក។ រហូតមកដល់ពេលនេះ ធនាគារសហភាពអឺរ៉ុបបានវិនិយោគទឹកប្រាក់ ២២២.៥លានអឺរ៉ូនៅក្នុងប្រទេសកម្ពុជា ដើម្បីបង្កើនលទ្ធភាពទទួលបានទឹកស្អាតដែលអាចទទួលទានបាននៅរាជធានីភ្នំពេញ និងការស្ដារហេដ្ឋារចនាសម្ព័ន្ធជនបទឡើងវិញ ហើយតាមរយៈគម្រោងទាំងនេះដើម្បីជួយលើកកម្ពស់គុណភាពនៃជីវិត ដល់ពលរដ្ឋកម្ពុជា រាប់លាននាក់៕