(ភ្នំពេញ)៖ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាបេសកជនពិសេសរបស់កម្ពុជា ប្រចាំអង្គការសហប្រតិបត្តិការឥស្លាម (OIC) បានរៀបចំកិច្ចប្រជុំពិភាក្សាជាមួយអគ្គរាជទូត រដ្ឋទូត និងភារធារី នៃប្រទេសចំនួន៦ រួមមាន ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ប្រ៊ុយណេដារុសសាឡាម តួកគី សាធារណរដ្ឋឥស្លាមប៉ាគីស្ថាន និងរដ្ឋគុយវ៉ែត ដែលមាននិវេសនដ្ឋាននៅកម្ពុជា ជាតំណាងរដ្ឋសមាជិកអង្គការសហប្រតិបត្តិការឥស្លាម (OIC) ដែលសរុបប្រជាជន នៃប្រទេសទាំង៦ មានជាង៦២០លាននាក់។

ថ្លែងក្នុងកិច្ចប្រជុំដើមសប្ដាហ៍កន្លងទៅ នៅស្នាក់ការមជ្ឈមណ្ឌលឥស្លាមភ្នំពេញ ទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ ជាបេសកជនពិសេសរបស់កម្ពុជា ប្រចាំអង្គការ OIC បានរំលេចពីលទ្ធផលសម័យប្រជុំលើកទី៤៧ របស់ក្រុមប្រឹក្សារដ្ឋមន្ត្រីការបរទេស នៃរដ្ឋជាសមាជិក៥៧ប្រទេស នៅសាធារណរដ្ឋនីហ្សេ ក្រោមប្រធានបទ «រួមគ្នាប្រយុទ្ធប្រឆាំងអំពើភេរវកម្ម ដើម្បីសន្តិភាព និងការអភិវឌ្ឍ» ដែលបានធ្វើឡើងកាលពីថ្ងៃទី២៧-២៨ ខែវិច្ឆិកាកន្លងទៅ។

ទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ បានគូសបញ្ជាក់ផងដែរថា ក្នុងកិច្ចប្រជុំកន្លងទៅនេះ បានពិភាក្សាពីបញ្ហាមួយចំនួនដែលជាកង្វល់របស់ពិភពឥស្លាម រួមមានបញ្ហាប៉ាឡេស្ទីន ប្រឆាំងអំពើហឹង្សា ជ្រុលនិយម និងភេវរកម្ម។ ក្នុងនោះក៏បានពិភាក្សាផងដែរ នូវបញ្ហានយោបាយ មនុស្សធម៌ សេដ្ឋកិច្ច សង្គម វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ព្រមទាំងពិនិត្យការវិវត្ត នៃការអនុវត្តផែនការសកម្មភាព OIC សម្រាប់ឆ្នាំ២០២៥។ សម័យប្រជុំលើកទី៤៧នេះ បានចេញនូវសេចក្តីប្រកាសរបស់ខ្លួនចំនួន៤៧ចំណុចសំខាន់ៗ ជាយុទ្ធសាស្រ្តសម្រាប់ការអនុវត្តបន្ត។

ជាមួយគ្នានេះ អង្គប្រជុំបានសម្រេចជូនប្រទេសប៉ាគីស្ថាន រៀបចំធ្វើជាម្ចាស់ផ្ទះសម័យប្រជុំលើកទី៤៨ នៅចុងឆ្នាំ២០២១ រីឯប្រទេសម៉ូរីតានី បានដាក់ស្នើសុំរៀបចំជាម្ចាស់ផ្ទះ នៅសម័យប្រជុំលើកទី៤៩ ឆ្នាំ២០២២។ ក្រុមប្រឹក្សារដ្ឋមន្ត្រីការបរទេស នៃរដ្ឋជាសមាជិកទាំងអស់ បានបោះឆ្នោតជូនលោក Hussein Ibrahim Taha មកពីសាធារណរដ្ឋឆាដ ធ្វើជាអគ្គលេខាធិការ នៃអង្គការ OIC បន្ទាប់ពីលោក Yousef Al Othaimeen ដែលនឹងត្រូវប្តូរជំនួសនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១។

គួរបញ្ជាក់ថា លោក Hussein Ibrahim Taha ធ្លាប់កាន់ដំណែងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ នៃសាធារណរដ្ឋឆាដ ដែលត្រូវបានគាំទ្រក្នុងចំណោមបេក្ខជនឈរឈ្មោះ ៣រូប ដែល២រូបទៀត មកពីប្រទេសនីហ្សេរីយ៉ា និងប្រទេសបេនីន។

ស្របពេលជាមួយគ្នានេះដែរ ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ ក្នុងនាមបេសកជនពិសេសរបស់កម្ពុជាប្រចាំនៅអង្គការ OIC ផង និងជាប្រធានគណៈកម្មការមជ្ឈមណ្ឌលឥស្លាមភ្នំពេញ បានលើកពីគម្រោងអភិវឌ្ឍន៍ នៅបរិវេណបឹងកក់ និងបង្ហាញនូវផែនគម្រោងអភិវឌ្ឍន៍សំខាន់ៗ ដល់បណ្ដាឯកអគ្គរដ្ឋទូត-រាជទូត ភារធារី នៃប្រទេស និងរដ្ឋទាំង៦។

ជាការឆ្លើយតបពួកគេបានសម្ដែងការគាំទ្រដល់ គម្រោងដែលគណៈកម្មការគ្រប់គ្រងមជ្ឈមណ្ឌលឥស្លាមភ្នំពេញ ដែលបានបង្ហាញ ហើយរីករាយផ្តល់កិច្ចសហការ ក្នុងការចូលរួមចំណែកអំពាវនាវ រកប្រភពថវិកាតាមរូបភាពផ្សេងៗ៕