(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០នេះ អ្នកធ្វើចត្ដាឡីស័កចំនួន ២៦០គ្រួសារហើយ ក្នុងរាជធានីភ្នំពេញ ដែលទទួលបានថវិការបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ផ្គង់ផ្គត់ជីវភាពប្រចាំថ្ងៃ ដោយក្នុងនោះមួយគ្រួសារ ទទួលបានថវិកា ៣០ម៉ឺនរៀល។

មន្ដ្រីសាលារាជធានីភ្នំពេញ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ដោយអនុវត្តតាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា, លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចាត់ចែង អនុវត្តការផ្ដល់សាច់ប្រាក់ជូនគ្រួសារក្រីក្រ ដែលត្រូវធ្វើចត្តាឡីស័ក ហើយរហូតមកដល់ពេលនេះចំនួន ២៦០គ្រួសារហើយ ដែលទទួលបានថវិកានេះ។

មន្ដ្រីសាលារាជធានីភ្នំពេញ បានគូសបញ្ជាក់ទៀតថា ថវិការបស់រាជរដ្ឋាភិបាលនេះ ត្រូវបានអាជ្ញាធរមូលដ្ឋានយកទៅប្រគល់ជូនដោយផ្ទាល់ដៃ តាមគ្រួសារនីមួយៗ ហើយសរុបទាំង២៦០គ្រួសារនោះ ត្រូវចំណាយថវិកា ៧៨លានរៀល។ ប្រភពព័ត៌មានដដែលបន្ថែមថា ការងារនេះនឹងត្រូវអនុវត្តជាបន្ដបន្ទាប់រហូតគ្រប់ចំនួនកំណត់ គ្រួសារដែលតម្រូវឲ្យធ្វើចត្តាឡីស័ក។

សូមជម្រាបថា ក្នុងឱកាសថ្លែងសារទៅកាន់ជនរួមជាតិនៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ម្សិលមិញ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំឲ្យអភិបាលរាជធានី-ខេត្ត ត្រូវខិតខំប្រឹងប្រែងអនុវត្តការងារ ផ្ដល់សាច់ប្រាក់នេះជូនគ្រួសារក្រីក្រ ដែលត្រូវធ្វើចត្តាឡីស័កឲ្យបានគ្រប់ចំនួន និងត្រឹមត្រូវ។

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្ដល់កញ្ចប់ថវិកាជូនគ្រួសារក្រីក្រ ដែលត្រូវធ្វើចត្ដាឡីស័កក្នុងមួយគ្រួសារ ២ម៉ឺនរៀល ក្នុងមួយថ្ងៃ ហើយត្រូវបើកជូនរយៈពេល១៥ថ្ងៃ។ មានន័យថា ត្រូវបើកគ្រប់ចំនួនថ្ងៃ នៃការធ្វើចត្តាឡីស័ក៕