(ពោធិ៍សាត់)៖ សមត្ថកិច្ចស្រុកវាលវែង ខេត្តពោធិ៍សាត់ កំពុងស្រាវជ្រាវស្វែងរកមុខសញ្ញាជនសង្ស័យពាក់ព័ន្ធនឹងករណីដាំដើមកញ្ឆានៅក្នុងភូមិសាស្ត្រព្រៃភ្នំ ដើម្បីចាត់ការតាមច្បាប់ ខណៈដើមកញ្ឆាស្រស់ចំនួន ១,៤២៦ដើម ដែលក្រុមជនល្មើសលបលួចដាំត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះចុះបង្ក្រាប ដក កាប់ និងដុតកម្ទេចចោលនៅនឹងកន្លែង នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចឃ្លាំងជីមួយកន្លែង ដែលស្ថិតក្នុងឃុំក្រពើ២ ក្នុងស្រុកវាលវែង។

ប្រតិបត្តិការបង្ក្រាបចុះបំផ្លាញទីតាំងដាំដើមកញ្ឆានេះ បានដឹកនាំដោយលោក អ៊ឹង គឹមលាង អភិបាលរងខេត្តពោធិ៍សាត់, លោកវរសេនីយ៍ឯក ធាង ឡេង អធិការនគរបាលស្រុកវាលវែង, កម្លាំងប៉ុស្តិ៍រដ្ឋបាល កម្លាំងកងរាជអាវុធហត្ថខេត្ត និងស្រុកកម្លាំងបរិស្ថាន ប្រធានមន្ទីរសង្គមកិច្ច អភិបាលស្រុក រួមនឹងអាជ្ញាធរឃុំ ប្រជាការពារដែលមានគ្នាសរុបចំនួន ៤៩នាក់។

បើតាមលោកវរសេនីយ៍ឯក ធាង ឡេង បានឱ្យដឹងថា មុនឈានដល់ការបង្ក្រាបនោះ កម្លាំងរបស់លោក បានស្រាវជ្រាវរកទីតាំងជាយូរ ទើបជួបប្រទះ ហើយក៏បានរៀបចំផែនការចុះបង្ក្រាបនៅចំណុចខាងលើ ដែលសម្បូរទៅដោយព្រៃភ្នំ ហើយមានស្ថានភាពពិបាកក្នុងការធ្វើដំណើរឆ្លងកាត់ព្រៃភ្នំ ឆ្លងអូរ ដែលធ្វើឱ្យពួកមុខសញ្ញាជនល្មើសរត់គេចខ្លួនបាត់។

ក្នុងប្រតិបត្តិការនោះសមត្ថកិច្ច បានដកនិងដុតកម្ទេចចោលដើមកញ្ឆាទាំង ១,៤២៦ដើម នៅនឹងកន្លែងតែម្តង និងដកហូតបានវត្ថុតាង មួយចំនួនផងដែរ។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវស្វែងរកមុខសញ្ញាជនសង្ស័យ ពាក់ព័ន្ធនឹងករណីដាំដើមកញ្ឆានោះ ដើម្បីចាត់ការតាមច្បាប់៕