(ភ្នំពេញ)៖ ទីតាំងល្បែងហ្គេមបាញ់ត្រីមួយកន្លែង រួម​នឹង​មនុស្សប្រុសស្រីចំនួន៦នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌឫស្សីកែវ សហការនិងកម្លាំងនគរ​បាលប៉ុស្ដិ៍ស្វាយប៉ាក បើកប្រតិបត្តិការ​បង្ក្រាបនៅវេលាម៉ោង​០៣៖៥០នាទីរសៀលថ្ងៃទី ១៥ ខែ កុម្ភះ ឆ្នាំ ២០១៦ នៅចំណុចផ្ទះលេខ២៥៧C ផ្លូវលំ ក្រុម៧ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ជនពាក់ព័ន្ធល្បែងហ្គេមបាញ់ត្រី១ឈ្មោះចិន គឹង ភេទស្រី អាយុ៣១ឆ្នាំ ២ឈ្មោះចាំង គាំ អាយុ៣៤ឆ្នាំ ៣ឈ្មោះង្វៀង យ៉ាំងថេក អាយុ៣០ឆ្នាំ ៤ឈ្មោះលី មិដា  អាយុ២៨ឆ្នាំ ៥ឈ្មោះលឹម សំណាង  អាយុ២៨ឆ្នាំ និង៦ឈ្មោះឡេ ធីធី ភេទស្រី អាយុ៤៣ឆ្នាំ។

នាយរងផ្នែកនគរបាលព្រហ្មទណ្ឌខណ្ឌឫស្សីកែវ លោក ម៉ៅ ចាន់ថុន បានឲ្យដឹងថា ក្រោយពីបង្ក្រាបជនពាក់ព័ន្ធគ្រឿងញៀនកន្លងមក នៅរសៀលនេះកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌ សហការនិង​កម្លាំងនគរបាលប៉ុស្ដិ៍ស្វាយប៉ាក ពួនឆ្មក់បង្ក្រាបទីតាំងល្បែងហ្គេមបាញ់ត្រីមួយកន្លែង ដោយបានឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន៦នាក់ និងដកហូតទូហ្គេមចំនួន១គ្រឿង ដោយក្នុង​ប្រតិបត្តិការនេះ មានការបញ្ជាពីរអធិការនគរបាលខណ្ឌឫស្សីកែវ លោក ទៀងច័ន្ទសារ ព្រមទាំងដឹកនាំកម្លាំងផ្ទាល់ពីលោក លឹម សេរីសោភ័ណ អធិការរងនគរបាលខណ្ឌឫស្សីកែវ និងនាយប៉ុស្ដិ៍នគរបាល​ស្វាយប៉ាកលោក ហ៉ឹម គឹមសាន្ដ ផងដែរ។

សូមបញ្ជាក់ថា បច្ចុប្បន្នជនពាក់ព័ន្ធល្បែងហ្គេមបាញ់ត្រី រួមនឹង​វត្ថុតាងកំពុងស្ថិតក្រោម​ចំណាត់ការរបស់​សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវ ដើម្បីចាត់ការតាមនិតិវិធីនៃផ្លូវច្បាប់៕