(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ ក្រសួងព័ត៌មាន ក្រសួងបរិស្ថាន រួមទាំងភាគីពាក់ព័ន្ធមួយចំនួនទៀត នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានជំរុញឱ្យមាន​ការបញ្ជ្រាបការយល់​អំពីអំពីវិស័យ​ទេសចរណ៍ និងទីក្រុងស្អាត ដល់សាធារណជនឱ្យបានទូលំទូលាយថែមទៀត។

ការជំរុញបញ្ជ្រាបការយល់ដឹងអំពីវិស័យទេសចរណ៍កម្ពុជានេះ ត្រូវបានធ្វើឡើងនៅក្រសួងទេសចរណ៍ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ដោយមានការចូលរួមពី ក្រសួងព័ត៌មាន ក្រសួងបរិស្ថាន សហភាពសហព័ន្ធ យុវជនកម្ពុជា និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានជំរុញឱ្យប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា ខិតខំផ្សព្វផ្សាយពីវិស័យទេសចរណ៍ ទៅដល់ប្រជាពលរដ្ឋទាំងអស់ ហើយសម្រាប់ទូរទស្សន៍ ឬវិទ្យុ លោក ជំរុញឱ្យដាក់បញ្ចូលការផ្សព្វផ្សាយពីវិស័យទេសចរណ៍ និងទីក្រុងស្អាត នៅម៉ោងដែលមានមនុស្សទស្សនា ឬអ្នកស្តាប់ច្រើន ។

លោក ថោង ខុន រដ្ឋមន្រ្តីទេសចរណ៍ បានលើកឡើងថា ការពិភាក្សានាពេលនេះផ្តោតសំខាន់លើ ការបញ្ជ្រាបការយល់ដឹងជាសាធារណៈអំពីទេសចរណ៍បៃតងនិង ទីក្រុងស្អាត យុវជននិងទីក្រុងស្អាត ក៏ដូចជាការត្រៀម លក្ខណៈប្រកួតប្រជែងសម្អាតកម្ពុជា (Cambodia Cleanup Challeges) ជ័យលាភីសម្តេចតេជោ នាយករដ្ឋមន្រ្តីពេលខាងមុខនេះ លើសពីនេះក៏ជាការ ត្រៀមលក្ខណៈសម្បត្តិ ក្នុងការទទួលប័ណ្ណសរសើរ អាស៊ានទេសចរណ៍  ដែលនឹងធ្វើនៅទីក្រុងបាងកក ប្រទេសថៃ នៅឆ្នាំ២០១៨ខាងមុខ ផងដែរ»។

លោករដ្ឋមន្រ្តី បាននិយាយថា យោងតាមអនុសាសន៍របស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ឲ្យរួមគ្នាអនុវត្តផែនការ យុទ្ធសាស្រ្តទេសចរណ៍បៃតង ទីក្រុងស្អាត សម្រាប់ប្រកួតប្រជែង ជាមួយបណ្តាប្រទេសជាសមាជិកក្នុងតំបន់ ក៏ដូចជាប្រទេស នៅលើសកលលោក ហើយក៏ដើម្បីផ្សព្វផ្សាយ បញ្ជ្រាបការយល់ដឹង ជាសាធារណៈ អំពីទេសចរណ៍បែតង ទីក្រុងស្អាតឲ្យប្រជាពលរដ្ឋ កាន់តែមានការយល់ដឹង បន្ថែមទៀត ប្រយោជន៍លើកកម្ពស់ វិស័យទេសចរណ៍កម្ពុជា ឲ្យកាន់តែទូលំទូលាយ ៕