(ភ្នំពេញ)៖ អភិបាលខណ្ឌចំការមន បានអំពាវនាវដល់ប្រជាពលរដ្ឋ ចង់បំពេញឯកសារលិខិតរដ្ឋបាលអ្វីមួយ ត្រូវអញ្ជើញមករកសង្កាត់ ឬខណ្ឌ ដើម្បីទទួលសេវាកម្មដោយផ្ទាល់ គឺធ្វើយ៉ាងឲ្យប្រជាពលរដ្ឋក្នុងភូមិ និងសង្កាត់មានភាពស្និទ្ឋស្នាលរវាងអាជ្ញាធរក្នុងមូលដ្ឋានផងដែរ។

លោក ថេង សុថុល បានបន្ថែមថា ការទំនាក់ទំនងដោយផ្ទាល់ ដើម្បីមានទំនាក់ទំនងល្អរវាងមន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋថែមទាំងកាត់បន្ថយការយកសេវាបន្ថែមក្រោមតុពីអ្នករត់ការ។ អភិបាលខណ្ឌចំការមនលោក ថេង សុថុល ថ្លែងបែបនេះ ក្នុងពិធីចែកអំណោយមនុស្សធម៌កាកបាទក្រហមជូនដល់គ្រួសារចំនួន ២០គ្រួសារ ដែលរស់នៅក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០នេះ នៅក្នុងបរិវេណសាលាបឋមសិក្សា ហ៊ុន នាង បឹងត្របែកខាងត្បូង។

លោក ថេង សុថុល បានសំណូមពរឲ្យចៅសង្កាត់ក្នុងមូលដ្ឋានខណ្ឌ ត្រូវតែបម្រើសេវាកម្មលើលិខិតស្នាមរដ្ឋបាល ជូនប្រជាពលរដ្ឋ មិនមែនជាចៅហ្វាយនាយប្រជាពលរដ្ឋនោះទេ ប្រសិនបើប្រជាពលរដ្ឋ ត្រូវការបំពេញឯកសារ ឬលិខិតស្នាមផ្សេងៗបើមករកមន្ត្រី ហើយទទួលបានការប្រើសំដី ឬអាកប្បកិរិយាមិនសមរម្យមកលើបងប្អូន សូមបងប្អូនប្រជាពលរដ្ឋរាយការណ៍មកលោកភ្លាមៗដើម្បីលោកមានវិធានការរដ្ឋបាលចំពោះមន្ត្រីនោះ។

ក្នុងឱកាសនេះដែរ លោក ថេង សុថុល ក៏បានសុំឲ្យប្រជាពលរដ្ឋទាំងអស់ រស់នៅក្នុងមូលដ្ឋាន ខណ្ឌចំការមន និងក្នុងរាជធានីភ្នំពេញ រៀបចំទុកដាក់សំរាមឲ្យបានត្រឹមត្រូវ និងបន្តអនុវត្តវិធានរបស់ក្រសួងសុខាភិបាលពាក់ព័ន្ធ និងការបង្ការ ការពារជម្ងឺកូវីដ១៩ ត្រួវលាងដៃឲ្យបានញឹគញាប់ ត្រូវពាក់ម៉ាសជាប់ជាប្រចាំ និងមិនត្រូវនៅកន្លែងណាដែលមានមនុស្ស ប្រមូលផ្តុំច្រើន បើមិនមានការចាំបាច់មិនត្រូវចេញក្រៅផ្ទះជាដាច់ខាត។

គួរបញ្ជាក់ថា អំណោយដែលចែកជូនប្រជាពលរដ្ឋនៅពេលនេះរួមមាន៖ ក្នុង១គ្រួសារទទួលបាន អង្ករ ទឹកត្រី ទឹកស៊ីអ៉ីវ ត្រីខ ស្កសរ សាប៊ូ ម៉ាស់ អាកុល ទឹកដោះគោ មី និងថវិកាមួយចំនួនទៀតផង៕