(ភ្នំពេញ)៖ ឧកញ៉ាទ្រី ភាព ទីប្រឹក្សា​ផ្ទាល់សម្តេចអគ្គមហាសេ​នាបតី តេជោ ហ៊ុនសែន និងជាអគ្គនាយក​ក្រុមហ៊ុនទ្រី ភាព គ្រុប ត្រូវបានគណៈកម្មាធិការវាយ​តម្លៃផ្តល់សញ្ញាប័ត្រ​បណ្ឌិត កិត្តិយស នៃសកលវិទ្យាល័យ  IIC នៃបច្ចេកវិទ្យា នារសៀលថ្ងៃទី១៥ ខែ កុម្ភៈ បានបង្កើតក្រុមប្រឹក្សា​វាយតម្លៃផ្តល់​សញ្ញាប័ត្រកិត្តិយស​ជូន ដោយមាន​ការចូលរួមពីសាស្ត្រាចារ្យ​បណ្ឌិត​ល្បីៗ ជាច្រើនរូបរួមទាំង តំណាងក្រសួងអប់រំ​យុវជន​ និងកីឡាចូលរួម​ផងដែរ ។

គួរបញ្ជាក់ថា មុនពេលដែលគណៈកម្មាធិការ កម្មវិធីប្រជុំវាយតម្លៃ​ផ្តល់ជូណសញ្ញាប័ត្រ​បណ្ឌិត​កិត្តិ​យសជូន ឧកញ៉ាទ្រី ភាព គឺ ឧកញ៉ា​ទ្រី ភាព បានខិតខំស្រាវ​ជ្រាវ​ចងក្រង​ឡើងនូវ​សៀវភៅ ២ក្បាល ដែលក្នុងនោះ១ក្បាល​មានចំណងជើងថា «ដំណើរឆ្ពោះទៅរកភាពជោគជ័យ​លើវិស័យសេដ្ឋកិច្ច» និង១ក្បាលទៀត មានចំណងជើងថា «ក្រ អាច មាន» ។ ចំពោះស្នាដៃសៀវភៅ​ទាំង២ក្បាល​នេះ សាស្ត្រា​ចារ្យបណ្ឌិតគ្រប់រូបនៃសាកលវិទ្យាល័យ បានបង្កើតគណៈ​កម្មាធិការ ប្រជុំវាយតម្លៃមុន​​ផ្តល់សញ្ញាប័ត្រ​បណ្ឌិតកិត្តិយសជូន ឧកញ៉ាទ្រី ភាព ដែលក្នុងនោះ​មានលោកបណ្ឌិត ឈួន ចាន់ថន សកលវិទ្យាធិការ នៃសកលវិទ្យាល័យ  IIC នៃបច្ចេកវិទ្យា ជាប្រធានគណៈកម្មាធិការវាយតម្លៃ ។

ក្នុងពិធីខាងលើនេះផងដែរ លោកឧកញ៉ាទ្រី ភាព មិនមានវត្តមាន​ចូលរួមនោះទេ ដោយសារជាប់​រវល់ ការងារ ទៅក្រៅប្រទេស ប៉ុន្តែក្រុមហ៊ុនទ្រី ភាព គ្រុប បានចាត់តំណាង៤រូប​មកចូលរួម នៅក្នុងពិធី វាយតម្លៃបណ្ឌិត​កិត្តិយស​របស់ឧកញ៉ាទ្រី ភាព ។

ឆ្លងតាមការប្រជុំវាយតម្លៃ ពីសំណាក់សាស្ត្រាចារ្យបណ្ឌិត ចំនួន ១៥ រូប រួចមក ក្រុមប្រឹក្សាបាន សម្រេចផ្តល់សញ្ញាប័ត្របណ្ឌិតកិត្តិយសផ្នែក សេដ្ឋកិច្ច ជូនឧកញ៉ាទ្រី ភាព ដោយសារគាត់​មានជំនាញខ្លាំង​ផ្នែកសេដ្ឋកិច្ច ។

ទាក់ទឹននឹងការវាយតម្លៃផ្តល់សញ្ញាប័ត្របណ្ឌិតកិត្តិយសនេះផងដែរ បើតាមប្រវត្តិសាស្ត្រ នៃអ្នកសិក្សា ស្រាវជ្រាវបានអោយដឹងថា កាលពី ២៥០ឆ្នាំមុន សកលវិទ្យាល័យមួយចំនួន​បានចាប់ផ្តើម ផ្តល់ សញ្ញាប័ត្រ ដែលគេអោយ​ឈ្មោះថា បណ្ឌិតកិត្តិយស​ទៅតាមអ្នកដែលគេចង់អោយ  ដើម្បីកិត្តិយស និងទទួលស្គាល់​គ្នាទៅវិញទៅមក ។ បណ្ឌិតកិត្តិយស ត្រូវចេញអោយដើម្បី​ផ្តល់តួនាទីដល់អ្នកទទួល និងរឹតចំណងទំនាក់ទំនងរវាង​សាលា និងសាធារណៈជន ដែលទទួល​សញ្ញាប័ត្រនេះ ក្នុងនោះមាន​ឥស្សរជននយោបាយ តារាសិល្បៈ អ្នកជំនួញជាដើម ដែលមានបទពិសោធន៍ ស្រាវជ្រាវ របកកំហើញ  ថ្មីៗ និងទទួលបានជោគជ័យ​លើមុខជំនួយ ហើយបានបរិចាគ​ចំពោះសកលវិទ្យាល័យ កិច្ចការសង្គម សាសនា ការដឹកនាំ គ្រប់គ្រងសហគមន៍ និងធ្វើពលិកម្មដើម្បី​បុព្វហេតុជាតិជាដើម ។

យោងតាមប្រវត្តិសាស្ត្រ និងការស្រាវជ្រាវខាងលើនេះ ទើបសកលវិទ្យាល័យ  IIC  នៃបច្ចេកវិទ្យា បានសម្រេច បង្កើតគណៈកម្មាធិការវាយតម្លៃដើម្បីផ្តល់សញ្ញាប័ត្របណ្ឌិតកិត្តិយសជូនឧកញ៉ាទ្រី ភាព ស្របតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ស្តីពីការបណ្តុះបណ្តាលបណ្ឌិតដែលចែងយ៉ាងច្បាស់ អំពី ប្រភេទ នៃសញ្ញាប័ត្របណ្ឌិត មាន៣ប្រភេទ​ ៖ ទី១ សញ្ញាប័ត្របណ្ឌិតកិត្តិយសស្រាវជ្រាវ  ទី២ សញ្ញាប័ត្របណ្ឌិតវិជ្ជាជីវៈ  ទី៣ សញ្ញាប័ត្របណ្ឌិតកិត្តិយស ៕