(ភ្នំពេញ)៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតគោរពជូនពរ និងបាច់ផ្កាស្រស់ល្អ ១កន្ត្រក ជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសថ្ងៃខួបកំណើតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ។

សារលិខិតនោះមានខ្លឹមសារថា៖ «ក្នុងឱកាសប្រារព្ធពិធីខួបកំណើតគម្រប់ ៦៦ ឈានចូល ៦៧ឆ្នាំ របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ខ្ញុំ និងភរិយា មានសេចក្តីសោមនស្សរីករាយឥតឧបមា សូមសំដែងនូវអំណរសាទរ និងប្រសិទ្ធពរជ័យបវរសួស្តី សិរីមង្គលមហាប្រសើរជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមមានសុខភាពល្អបរិបូរណ៍ ប្រាជ្ញាឈ្លាសវៃ ជន្មាយុយឺនយូរ ដើម្បីដឹកនាំការងារកាកបាទក្រហមកម្ពុជាឱ្យទទួលបានជោគជ័យជាបន្តបន្ទាប់បន្ថែមទៀត»

សូមកោតសរសើរដោយស្មោះចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាកុលធីតាដ៏ឆ្នើមមួយរូបដែលជាអ្នកដឹកនាំពោពេញទៅដោយគុណធម៌ និងគំរូវីរភាពល្បីល្បាញ ទាំងក្នុងតំបន់ និងលើឆាកអន្តរជាតិ ក្នុងភារកិច្ចមនុស្សធម៌ដឹកនាំកាកបាទក្រហមកម្ពុជា រហូតទទួលបានជោគជ័យធំធេងជាបន្តបន្ទាប់ ដើម្បីបម្រើឧត្តមប្រយោជន៍ជាតិ មាតុភូមិ និងប្រជាជនគ្រប់កាលៈទេសៈ។

ជាថ្មីម្តងទៀត «ខ្ញុំ និងភរិយា សូមប្រសិទ្ធពរបវរមហាប្រសើរជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចតេជោ ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី ជាទីស្រឡាញ់ សូមជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»

ខាងក្រោមនេះជាសារលិខិតរបស់ សម្តេចអគ្គមហាពញាចក្រី ផ្ញើជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៖