(រតនគិរី)៖ លោក ប៊ូ ឡាំ អ្នកតំណាងរាស្ត្រមណ្ឌលរតនគិរី និងសម្ព័ន្ធយុវជនស្រលាញ់សន្តិភាពសាខាខេត្តរតនគិរី នៅព្រឹកថ្ងៃទី១៥ ខែឆ្នូ ឆ្នាំ២០២០នេះ បានរៀបចំពិធី ក្រុងពាលីរូបសំណាកលោកតាក្រមង៉ុយ នៅវិទ្យាល័យ ហ៊ុន សែន ស្រុកអណ្តូងមាស ទៅតាមបែបព្រះពុទ្ធសាសនា ដោយមានគ្រឿងសក្ការៈបូជា ថ្វាយម្ចាស់ទឹក ម្ចាស់ដី សុំសេចក្តីសុខ និងបួងសួងដល់វត្ថុស័ក្តិសិទ្ធិ ក្នុងលោកជួយបីបាច់ថែរក្សាប្រជាជនកម្ពុជា ឲ្យរួចផុតពីជំងឺកូវីដ-១៩។

លោក សុខ គឹមអ៊ាង អនុប្រធានសម្ព័ន្ធយុវជនស្រលាញ់សន្តិភាព សាខាស្រុកអណ្តូងមាស បានឱ្យដឹងថា រូបសំណាកលោកតាក្រុមង៉ុយ ក្រុងពាលីនៅពេលនេះ គឺកើត ចេញពីទឹកចិត្ត សទ្ធាជ្រះថ្លារបស់លោកគ្រូ អ្នកគ្រូ និងសមាជិក សមាជិកាសម្ព័ន្ធយុវជនស្រលាញ់សន្តិភាពសាខាខេត្តរតនគិ រីបានបរិច្ចាគថវិការៀងៗខ្លួន កសាងបានសមិទ្ធផលខាងលើនេះ ទុកជាកេរ្តិ៍តំណែលកូនចៅជំនាន់ក្រោយ។

លោក សុខ គឹមអ៊ាង បន្តថា ក្រៅពីរូបសំណាកលោកតាក្រមង៉ុយនោះ គឺសម្ព័ន្ធយុវជនស្រលាញ់សន្តិភាពសាខាខេត្តរតនគិរី ដែលមានលោក សាយ សាមាន ជាប្រធាន បានកសាងរូបសំណាកព្រះជ័យវរ្ម័នទី៧ និងរូបសំណាកព្រះសង្ឃរាជជួនណាត ដាក់ដំកល់នៅក្នុងវិទ្យាល័យហ៊ុនសែន ស្រុកអណ្តូងមាសផងដែរ។

លោក ម៉ម បាសាក់ នាយកវិទ្យាល័យ ហ៊ុន សែន ស្រុកអណ្តូងមាស បានឱ្យដឹងដែរថា វិទ្យាល័យនេះ មានសិស្សសរុប៥៨២នាក់ (ស្រី២៨២នាក់) ចាប់ពីថ្នាក់ទី៧ រហូតដល់ថ្នាក់ទី១២។ វិទ្យាល័យនេះមានអគារកម្ពស់២ជាន់ សាងសង់កាលពីឆ្នាំ២០១២ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈក្រុមហ៊ុនទ្រី ភាព។

សូមបញ្ជាក់ថា ក្នុងពិធីខាងលើនេះលោក ប៊ូ ឡាំ បាននាំអំណោយសម្ភារសិក្សា និងថវិកាមួយចំនួនជូនសិស្សរៀនពូកែ ចាប់ពីលេខ១ដល់លេខ៥ និងបានរៀបចំ បាយសាមគ្គីផងដែរ៕