(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ដែលជាការរីករាលដាលជំងឺកូវីដ១៩ ក្នុងប្រទេសកម្ពុជាលើកដំបូងនោះ ពេលនេះអាចទប់ស្កាត់បានហើយ ប៉ុន្តែព្រឹត្តិការណ៍នេះ មិនទាន់បិទបញ្ចប់នោះទេ។

ជាមួយនឹងការថ្លែងសារ តាមរយៈវីដេអូលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖យើងទប់ស្កាត់បាន ឬមិនបាន វាស្ថិតនៅក្នុងរង្វង់ ១៥ ថ្ងៃ ឥឡូវក្នុងរយៈពេល ១៥ ថ្ងៃមកនេះ យើងត្រួតត្រាបានសភាពការណ៍ហើយ ក៏ប៉ុន្តែយើងមិនទាន់បានបញ្ចប់នូវព្រឹត្តិការណ៍ ២៨វិច្ឆិកា នោះទេ។

សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា ស្ថានភាពព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកានេះ វាមិនដូចជាមួយនឹង ព្រឹត្តិការណ៍ ៣ វិច្ឆិកា ដែលឆ្លងបន្តពីរដ្ឋមន្ត្រីការបរទេសហុងគ្រីនោះទេ ដោយមានមូលហេតុមួយចំនួន។ ព្រឹត្តិការណ៍ ២៨វិច្ឆិកា គឺជាព្រឹត្តិការណ៍ធ្ងន់ធ្ងរ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា គ្រប់គ្រងបាន តែមិនទាន់បញ្ចប់ដោយយោងលើហេតុផលចំនួន៥៖

១៖ មិនទាន់ដឹងអស់នៅឡើយទេថា តើមានកន្លែងណាខ្លះទៀត ដែលអ្នកជំងឺទៅដល់ រកមិនទាន់ឃើញ អ្នកជំងឺមិនប្រាប់ ឬភ្លេចកន្លែងទៅដល់រយៈពេល១៤ថ្ងៃ មុនពេលរកឃើញ។

២៖ តើនៅមានអ្នកប៉ះពាល់ផ្ទាល់ ឬប្រយោលដោយមិនមកបង្ហាញមុខ ព្រោះខ្លាចការធ្វើតេស្ត ដែលជាហានិភ័យឆ្លងចូលសហគមន៍។

៣៖ អ្នកប៉ះពាល់មួយចំនួនមិនទាន់ថ្ងៃធ្វើតេស្តលើកទី២ ឬទី៣នៅឡើយ ព្រោះទើបដឹងប៉ះពាល់ជាមួយអ្នកវិជ្ជមានកូវីដ១៩ ហើយធ្វើតេស្តមួយដង ឬពីរដងប៉ុណ្ណោះ។

៤៖ អ្នកត្រូវធ្វើចត្តាឡីស័កហូរហែតាំងពីរថ្ងៃទី២៩ វិច្ឆិកា ដល់ថ្ងៃរកឃើញវិជ្ជមានចុងក្រោយនៅថ្ងៃទី១៤ ធ្នូ មិនដឹងថា បានធ្វើចត្តាឡីស័ក ១៤ថ្ងៃ ឬធ្វើតេស្ត៣ដងដែរឬទេ?

៥៖ នៅតាមខេត្តមួយចំនួនដែលអ្នកជំងឺទៅដល់មុនពេលរកឃើញជំងឺ តើបានរកឃើញអ្នកពាក់ព័ន្ធអស់ឬទេ?

កម្ពុជាបានចាប់ផ្តើមឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍លើកដំបូង កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ បន្ទាប់ពីក្រសួងសុខាភិបាល បានរកឃើញករណីវិជ្ជមានកូវីដ១៩ លើភរិយារបស់ លោក ឆែម សាវុធ អគ្គនាយកពន្ធនាគារ ដែលពេលនោះគ្មានអ្នកដឹងអំពីប្រភពនៃការចម្លងនេះឡើយ។

ព្រឹត្តិការណ៍សហគមន៍នេះ បានរីករាលដាលជាបន្តបន្ទាប់ ដែលរហូតមកដល់ពេលនេះក្រសួងសុខាភិបាលកម្ពុជា បានរកឃើញអ្នកឆ្លងបន្តចេញពីសហគមន៍សរុបចំនួន ៤១នាក់ ក្នុងចំណោមអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោលដែលត្រូវបានធ្វើតេស្តចំនួន ១៨,៨២៨នាក់ ថ្នាក់ដែលក្រសួងសុខាភិបាលនៅតែបន្តអំពាវនាវដល់អ្នកពាក់ព័ន្ធទាំងអស់ឲ្យចូលរួមធ្វើតេស្តរកកូវីដ១៩ និងនៅដាច់ដោយឡែកពីអ្នកដទៃ។

សម្ដេចតេជោ ហ៊ុន សែន ដែលធ្លាប់ប្រឡូកក្នុងសមរភូមិតាំងពីនៅជាយុវជន ព្រមទាំងបានឆ្លងកាត់ក្នុងការដោះស្រាយបញ្ហាលំបាកជាច្រើនហើយនោះ បានចាត់ទុកថា ការប្រយុទ្ធជាមួយជំងឺកូវីដ១៩ មិនមែនជាព្រឹត្តិការណ៍សាមញ្ញពេកនោះទេ។ សម្ដេចបានបង្ហើបថាជារៀងរាល់ថ្ងៃ សម្ដេចបានកាន់ទូរស័ព្ទទាំងញ័រដៃដើម្បីមើលដំណឹងអំពីការឆ្លងកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។

ទោះជាយ៉ាងនេះក្តី សម្ដេចតេជោ បានស្នើកុំឲ្យមហាជនវាយប្រហារទៅលើ លោក ឆែម សាវុធ ដោយសារតែលោក ឆែម សាវុធ ក៏ជាជនរងគ្រោះដូចគ្នា។

សម្តេចតេជោ ហ៊ុន សែន ក៏បានកោតសរសើរដល់ក្រុមការងារក្រសួងសុខាភិបាល និងក្រុមគ្រូពេទ្យជួរមុខ អាជ្ញាធរថ្នាក់ក្រោមជាតិ ស្ថាប័នដែលមានការពាក់ព័ន្ធ ជាពិសេសចំពោះប្រជាពលរដ្ឋដែលបានចូលរួម សហការចំពោះព្រឹត្តិការណ៍ដែលមានគ្រោះថ្នាក់ចំពោះជាតិ និងប្រជាជនរបស់យើង។

គិតត្រឹមម៉ោង ០៧៖០០ព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ កម្ពុជា អ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ៣៦២នាក់ (ស្ត្រី ៨៦នាក់ និងបុរស ២៧៦នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ៣១២នាក់ និងអ្នកសម្រាកព្យាបាលនៅមន្ទីរចំនួន ៥០នាក់៕