(ស្វាយរៀង)៖ លោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ព្រមទាំងសមាជិក សមាជិកា នៃគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ បានទទួលអំណោយមនុស្សធម៌ពីព្រះសុទ្ធិញាណ មុំ សយ ព្រះរាជាគណៈថ្នាក់កិត្តយស ព្រះមេគណខេត្ត និងព្រះតេជគុណ ព្រះអនុគណក្រុង ស្រុកទាំង៨ ជុំវិញខេត្ត ដើម្បីទុកសម្រាប់ចែកជូនដល់ប្រជាជនងាយរងគ្រោះ និងរងគ្រោះមហន្តរាយនៅតាមមូលដ្ឋានក្រុង-ស្រុក នានាក្នុងខេត្ត។

 ក្នុងឱកាសនោះ លោក ម៉ែន វិបុល បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងថ្លែងអំណរព្រះគុណដ៏ជ្រាលជ្រៅបំផុត ចំពោះទឹកព្រះទ័យដ៏ថ្លៃថ្លារបស់ព្រះសង្ឃគ្រប់អង្គ ដែលជាការលើកទឹកចិត្ត យ៉ាងធំធេងចំពោះកាកបាទក្រហមកម្ពុជា សម្រាប់ការនាំយកអំណោយទាំងនេះ ទៅចាត់ចែង ប្រគល់ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត កំពុងជួបការលំបាក និងត្រូវការជំនួយជាចាំបាច់។

លោក ម៉ែន វិបុល ព្រមទាំងថ្នាក់ដឹកនាំ និងសហការី នៃសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានបួងសួងប្រគេនថ្វាយព្រះពរ ដល់ព្រះសង្ឃគ្រប់ព្រះអង្គសូមមាន ព្រះសុខភាពល្អ ព្រះជន្មាយុយឺនយូរ ដើម្បីបន្តទ្រទ្រង់វិស័យព្រះពុទ្ធសាសនា ឱ្យបានគង់វង្សរីកចម្រើនតរៀងទៅ ហើយអំណោយទាំងអស់នេះសាខានឹងធ្វើការបែងចែក ជូនដល់ដៃប្រជាពលរដ្ឋដែលរងគ្រោះគ្រប់ៗគ្នា ឲ្យបានទាន់ពេលវេលាឲ្យសមស្រប ទៅនឹងព្រះទ័យរបស់ព្រះអង្គជាម្ចាស់ទេយ្យទាន។

សូមបញ្ជាក់ថា អំណោយរួមមាន៖ ថវិកា ៣,១០០,០០០ រៀល អង្ករចំនួន ១,១០០គីឡូក្រាម និងសម្ភារប្រើប្រាស់ចម្រុះ ១៤ មុខ៕