(ភ្នំពេញ)៖ ក្នុងស្មារតីស្រឡាញ់ជាតិ មាតុភូមិ និងរួមចំណែកកាត់បន្ថយការលំបាករបស់រាជរដ្ឋាភិបាល លោក ម៉ឹង ពន្លក ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ បាននាំយកថវិកាចំនួន ២១៤,០០០,០០០រៀល ដែលបានមកពីការជួយឧបត្ថម្ភ ពីសំណាក់សប្បុរសជនក្នុង និងក្រៅប្រទេស ប្រគល់ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

ការធ្វើយុទ្ធនាការរ៉ៃអង្គាសថវិកានេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ-១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ស្របពេលដែលជំងឺកូវីដ-១៩ បានឆ្លងចូលដល់សហគមន៍កម្ពុជា។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ជូនប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់៕