(ភ្នំពេញ)៖ ឯកឧត្តម អាណាតូលី បូរ៉ូវីក ឯកអគ្គរដ្ឋទូតនៃសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា បានផ្ញើសារលិខិតគោរពជូនពរ និងបាច់ផ្កាស្រស់ល្អ ១កន្ត្រក ជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសថ្ងៃខួបកំណើតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ។

សារលិខិតនោះមានខ្លឹមសារថា៖ «តាងនាមថ្នាក់ដឹកនាំ មន្ត្រីការទូត និងបុគ្គលិក នៃស្ថានទូតរុស្ស៊ីប្រចាំកម្ពុជា ខ្ញុំសូមសម្តែងនូវក្តីអំណរសាទរ ចូលរួមជូននូវសព្ទសាធុការពរជ័យ សិរីវឌ្ឍនា មហាប្រសើរគ្រប់ប្រការ ជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសដ៏ឧត្តុង្គឧត្តមថ្លៃថ្លាប្រកបដោយក្តីសោមនស្សរីករាយនៃខួបកំណើត សូមប្រកបដោយ សុខភាពល្អបរិបូរណ៍ អាយុយឺនយូរ កាយពលមាំមួន បញ្ញាញាណភ្លឺថ្លា ដើម្បីដឹកនាំ កាកបាទក្រហមកម្ពុជាឱ្យទទួលបានជោគជ័យត្រចះត្រចង់បន្ថែមទៀត»

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការចូលរួមយ៉ាងសកម្ម ក្នុងការពង្រឹងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ ក៏ដូចជាចំណាប់អារម្មណ៍ ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីលើបេសកកម្មមនុស្សធម៌ដ៏ថ្លៃថ្លា។

សូមសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងបុត្រា បុត្រី និងចៅៗជាទីស្រឡាញ់ ជួបតែសុខសុភមង្គល វិបុលសុខ គ្រប់ប្រការកុំបីឃ្លៀងឃ្លាតឡើយ»៕

ខាងក្រោមនេះ ជាសារលិខិតរបស់ ឯកឧត្តមឯកអគ្គរដ្ឋទូត គោរពផ្ញើជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៖