(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ជាទីប្រឹក្សារាជរដ្ឋាភិបាល ទទួលបន្ទុកកិច្ចការប្រវត្តិសាស្ត្រ និងអគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ និងលោកជំទាវ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ បានប្រកាសបរិច្ចាគថវិកាចំនួន ៣,៥៧០,០០០រៀល ប្រគល់ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

ការប្រគល់ថវិកានេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ-១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ស្របពេលដែលជំងឺកូវីដ-១៩ បានឆ្លងចូលដល់សហគមន៍កម្ពុជា។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ជូនប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់៕