(ឧត្តរមានជ័យ)៖ ប្រជាពលរដ្ឋចំនួន៤៤នាក់ រស់នៅក្នុងខេត្តឧត្តរមានជ័យ ដែលជាប់ពាក់ពន្ធ័និងព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» ត្រូវបានអនុញ្ញាតឱ្យមានសេរីភាពវិញ និងអាចប្រកបការងារបានធម្មតាវិញហើយ បន្ទាប់ពីបានធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ និងបានយកសំណាកទៅធ្វើតេស្តរកមេរោគកូវីដ១៩ ចំនួន៣លើក ដែលលទ្ធលបង្ហាញថា អវិជ្ជមានទាំង៣លើក។

លោកវេជ្ជបណ្ឌិត ឃ្លោក ហួត ប្រធានមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ បានឱ្យដឹងនៅឱ្យព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០នេះ ថា លទ្ធផលតេស្តសំណាកលើកទី៣ រកមេរោគកូវីដ១៩ លើមនុស្សចំនួន៤៤នាក់ គឺអវិជ្ជមាន បានន័យថា ពួកគាត់អត់មានមេរោគកូវីដ១៩ទេ ពួកគាត់ត្រូវបានអនុញ្ញាតឱ្យមានសេរីភាព អាចប្រកបការងារ ធម្មតាវិញបានហើយ។

លោក ឃ្លោក ហួត ក៏បានធ្វើការអំពាវនាវឱ្យអ្នកទាំង៤៤នាក់ ទោះបីជាតេស្តលើកទី៣ បង្ហាញថាមិនមានមេរោគកូវីដ១៩ ក៏ពិតមែន តែលោកក៏បានណែនាំឱ្យពួកគាត់ កុំទាន់ចូលរួមក្នុងពិធីជួបជុំផ្សេងៗ ដែលមានមនុស្សច្រើន ព្រោះមេរោគកូវីដ ១៩ ពេលខ្លះរហូត២១ថ្ងៃ ទើបអាចចេញជារោគសញ្ញាក៏ថាបាន។

លោកប្រធានមន្ទីរបានបញ្ជាក់ទៀតថា ផ្អែកតាមការណែនាំរបស់ក្រសួងសុខាភិបាល និងការណែនាំរបស់លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ ក្រុមការងារ មន្ទីរសុខាភិបាល នៅតែយកចិត្តទុកដាក់ពង្រឹងការអនុវត្តន៍ តួនាទី ភារកិច្ចជាប្រចាំតាមមណ្ឌលធ្វើចត្តាឡីស័ក និងតាមច្រកពំដែនផងដែរ។

លោកក៏សូមអំពាវនាវឱ្យប្រជាពលរដ្ឋ ក្នុងខេត្តឧត្តរមានជ័យ ត្រូវបន្តយកចិត្តទុកដាក់អនុវត្តន៍ឱ្យបានទៀងទាត់ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារខ្លួន ក្រុមគ្រួសារ កុំឱ្យឆ្លងមេរោគកូវីដ១៩ ពិសេសត្រូវរួមគ្នាលុបបំបាត់ព្រឹត្តិការណ៍២៨វិច្ឆិកា ឱ្យបានតែម្តង៕