(ភ្នំពេញ)៖ យុវជនមួយក្រុមបានបបួលគ្នាបំពេញការងារមនុស្សធម៌ ដោយធ្វើចលនារ៉ៃអង្គាសថវិកា ទិញគ្រឿងហូបចុក និងគ្រឿងប្រើប្រាស់ យកទៅចែកជូនលោកតា លោកយាយ អ្នកធាក់ស៉ីក្លូ និងកុមារក្រីក្រនៅតាមទីសាធារណៈជាដើម។

លោក ជា រដ្ឋា និងលោក អ៊ុក បញ្ញារិទ្ធ តំណាងក្រុមការងារមនុស្សធម៌ បានឲ្យដឹងថា សកម្មភាពមនុស្សធម៌នេះ ក្រុមរបស់ខ្លួនធ្វើឡើងនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ ដោយក្រុមការងារបានចុះទៅចែកអំណោយមនុស្សធម៌ជូនលោកតា លោកយាយ និងអ្នកធាក់ស៉ីក្លូ ចំនួន៥០នាក់ និងកុមារក្រីក្រដែលមានការខ្វះខាត ក្នុងគោលបំណងជួយពួកគាត់ក្នុងគ្រាដែលប្រទេសជួបវិបត្តិជំងឺកូវីដ-១៩។

ក្រុមការងារបានចែកជូននៅ សួនវត្តបុទុមវត្តី រួមមាន ថវិកា អង្ករ ទឹកសុទ្ធ ភេសជ្ជ មី ត្រីខ ទឹកស៉ីអ៉ីវ ទឹកត្រី ក្រម៉ា ថ្នាំពេទ្យ ប្រេងកូឡា ម៉ាស់ សាប៊ូ ទឹកជែលលាងដៃ ទឹកអាល់កុល និងម៉ាស់សម្រាប់ពាក់ការពារជំងឺកូវីដ-១៩ ជាដើម។ ចំណែកក្មេងៗ ៥០នាក់ទៀត ទទួលបាននំសាំងវិច១ ទឹកសុទ្ធ១ដប ទឹកក្រូច១កំប៉ុង និងថវិកា។

ក្នុងនោះក្រុមការងារ ក៏បានរៀបចំម៉ាស់ ចំនួន៥០កញ្ចប់ ក្នុង១កញ្ចប់មាន៥ម៉ាស់ ជែលលាងដៃចំនួន៧៤ដប និងថវិកាចំនួន៥០០០រៀល ចំនួន៩០កញ្ចប់ សម្រាប់ចែកជូនបងប្អូននៅតាមដងផ្លូវផងដែរ។

ក្រៅពីចែកអំណោយ ក្រុមការងារក៏បានធ្វើការអប់រំ ណែនាំប្រជាពលរដ្ឋឲ្យរក្សាអនាម័យខ្ពស់ ពាក់ម៉ាស់ និងឧស្សាហ៍លាងដៃ បាញ់អាកុល ឬជែលជាដើម ហើយបើមិនចាំបាច់កុំដើរទៅកន្លែងដែលមានមនុស្សអ៊ូអរជាដើម។ ក្រុមការងារសប្បុរសធម៌ ក៏សូមថ្លែងអំណរគុណដល់សប្បុរសជន ដែលបានចូលរួមឧបត្ថម្ភគ្រឿងបរិភាគ និងគ្រឿងប្រើប្រាស់ និងថវិកាជាដើម៕

ខាងក្រោមនេះ ជាបញ្ជីឈ្មោះសប្បុរសជន៖