(ស្វាយរៀង)៖ ក្រុមក្មេងទំនើងជាច្រើននាក់ បាននាំគ្នាបង្ហោះម៉ូតូតាមផ្លូវជាតិលេខ១ សង្កាត់ចេក ក្រុងស្វាយរៀង ដែលបង្កឲ្យមានការភ្ញាក់ផ្អើល និងរិះគន់យ៉ាងខ្លាំង ចំពោះក្មេងទំនើងទាំងនោះ ដែលខ្លាចបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ដល់អ្នកធ្វើដំណើរ និងស្នើឲ្យសមត្ថកិច្ចចាប់ក្មេងទំនើងទាំងនោះ មកអប់រំ និងធ្វើកិច្ចសន្យា ឲ្យបានត្រឹមត្រូវ។

សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ បានឲ្យដឹងថា មានក្មេងទំនើងបង្ហោះម៉ូតូ លើផ្លូវជាតិលេខ១ ខាងមុខវិទ្យាល័យចេក ស្ថិតក្នុងសង្កាត់ចេក ក្រុងស្វាយរៀង កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ ដែលមិនខ្លាចរអាសមត្ថកិច្ចបន្តិចសោះ ប្រសេចប្រសាចតាមផ្លូវដូចត្រីចង្វាត្រូវភ្លៀង។

ពាក់ព័ន្ធទៅនឹងករណី ក្មេងទំនើងបង្ហោះម៉ូតូនេះដែរ ពលរដ្ឋបានស្នើដល់សមត្ថកិច្ចក្រុងស្វាយរៀង ស្រាវជ្រាវចាប់ក្រុមក្មេងទំនើងទាំងនេះ មកអប់រំណែនាំ និងហៅអាណាព្យាបាលធ្វើកិច្ចសន្យា ឲ្យបញ្ឈប់ការបង្ហោះម៉ូតូតាមផ្លូវតទៅទៀត ព្រោះមិនមែនតែបង្កគ្រោះថ្នាក់តែខ្លួនឯងទេ អាចបង្កគ្រោះដល់អ្នកដទៃផងដែរ។

សូមបញ្ជាក់ថា ផ្លូវជាតិលេខ១ គឺមានរថយន្តតូចធំរាប់រយគ្រឿងចរាចរណ៍ ក្នុងមួយៗថ្ងៃចរាចរណ៍នៅលើផ្លូវនេះ ជាពិសេសមានរថយន្តដឹកទំនិញកុងតឺន័រ រាប់សិបគ្រឿង ដែលតែងតែបង្កគ្រោះថ្នាក់ចរាចរណ៍ជារឿយផងដែរ៕