(តាកែវ)៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន តាមរយៈ Facebook ផ្លូវការរបស់ខ្លួន ដោយលើកយកនូវភាពជោគជ័យ នៃការតស៊ូអំណត់អត់ធន់របស់កសិករម្នាក់ នៅខេត្តតាកែវ ដែលចាប់ផ្តើមចិញ្ចឹមមាន់១០ក្បាល រយៈពេលត្រឹមតែ៤ឆ្នាំប៉ុណ្ណោះ កសិកររូបនោះ មានលទ្ធភាពរកចំណូលបានពី២ពាន់ ទៅ៣ពាន់ដុល្លារក្នុង១ខែ។

កសិកររូបនេះ គឺអ្នកស្រី កន ភារម្យ អាយុ ៤៩ឆ្នាំ បច្ចុប្បន្នរស់នៅភូមិអូរផុត ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។

លោករដ្ឋមន្ត្រី វេង សាខុន សរសេរថា ផ្តើមចេញពីមេមាន់១០ក្បាល ប៉ុន្តែដោយសារមានគោលដៅពិតប្រាកដ បូកឆន្ទៈ ការតស៊ូអំណត់ ព្យាយាម និងមានការជួយ ជ្រោមជ្រែងពីគ្រប់ភាគីពាក់ព័ន្ធ ពិសេសមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ធ្វើឲ្យបងស្រី កន ភារម្យ អាយុ៤៩ឆ្នាំ បច្ចុប្បន្នរស់នៅភូមិអូរផុត ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ បានក្លាយខ្លួនជាប្រធានបណ្តុំអាជីវកម្មចិញ្ចឹមមាន់ និងភ្ញាស់កូនមាន់លក់ ដែលមានសមាជិកសរុបចំនួន៧០គ្រួសារ អាចរកប្រាក់ចំណូលបានពី ៨,០០០,០០០-១០,០០០,០០០រៀល/ខែ។

យោងតាមរបាយការណ៍ពិស្តារមួយ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ កាលពីថ្ងៃទី១១ ខែធ្នូ បានឲ្យដឹងថា បងស្រី ភារម្យ បានប្រកាន់យករបរចិញ្ចឹមមាន់ តាំងពីឆ្នាំ២០១៦ ដោយផ្តើមចេញពីមេមាន់១០ក្បាលប៉ុណ្ណោះ។ កាលនោះ ដោយសារចំណេះជំនាញបច្ចេកទេស និងបទពិសោធន៍របស់បងស្រីនៅមានកម្រិត ធ្វើឲ្យចំណូលដែលទទួលបានពីមុខរបរនេះ មានកម្រិតទាបត្រឹមតែ ៤០០,០០០រៀល/ខែ ស្ទើរតែមិនអាចទ្រទ្រង់ជីវភាពបាន ដោយសារក្នុងបន្ទុកគ្រួសារបងស្រីមានកូន៣នាក់ ដែលកំពុងសិក្សារៀនសូត្រ និងស្វាមី។

ដោយសារបងស្រីមានគោលដៅច្បាស់លាស់ ឆន្ទៈមោះមុត និងការតស៊ូ អំណត់ព្យាយាម ជាពិសេសមានការជួយឧបត្ថម្ភគាំទ្រ និងលើកទឹកចិត្តពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត នៅឆ្នាំ២០១៧ មន្ទីរបានជ្រើសរើសបងស្រីជា អ្នកទទួលផលពីគម្រោងស្តីពី «សន្តិសុខស្បៀងសម្រាប់កសិករក្រីក្រ (2KR)»។

ពិតណាស់ វាជាឱកាសដ៏ល្អសម្រាប់បងស្រីទទួលបានការបណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹមមាន់ និងភ្ញាស់កូនមាន់ ព្រមជាមួយគ្នានេះ បងស្រីទទួលបាន ទ្រុងចិញ្ចឹមមាន់១ (៤ម៉ែត្រគុណ១២ម៉ែត្រ) និងទូភ្ញាស់កូនមាន់ ១មានចំណុះ ៥២៨គ្រាប់ផងដែរ។ ជាជំហានៗ កំណើនផលិតកម្មភ្ញាស់កូនមាន់កាន់រីកលូតលាស់ធំធាត់ ជាបណ្តើរៗ ដោយក្នុង ១ខែបងស្រីអាចភ្ញាស់កូនមាន់បាន ៦០០ក្បាល ហើយអាចទទួលបានចំណូលចំនួន ១,៦០០,០០០រៀល/ខែ។

ពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារសេចក្តីត្រូវការកូនមាន់ស្រែ របស់អតិថិជនទាំងទីជិត និងទីឆ្ងាយចេះតែកើនឡើងជាលំដាប់ គាប់ជួនកម្មវិធីស្តីពី ការផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់នឹងការប្រែប្រួលអាកាសធាតុ ហៅកាត់ថា ASPIRE បានចូលដល់ផ្ទះបងស្រីនៅឆ្នាំ២០១៩។

កម្មវិធីនេះ បានជួយរៀបចំចងក្រងបណ្តុំអាជីវកម្មចិញ្ចឹមមាន់ មានសមាជិកសរុប៧០គ្រួសារ ហើយបងស្រីត្រូវបានជ្រើសរើសជាប្រធាន។ សមាជិកគ្រប់រូប ទទួលបានការបណ្តុះបណ្តាលបច្ចេកទេស ផ្តល់សម្ភារៈគាំទ្រ ហើយកម្មវិធី ក៏បានជួយទំនាក់ទំនងរកទីផ្សារលក់កូនមាន់ផងដែរ។

ឈានចូលដល់ឆ្នាំ២០២០ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួយសម្របសម្រួលជាមួយសមាជិក៦៣នាក់ ដើម្បីចុះកិច្ចសន្យាទិញ-លក់ស៊ុតមាន់ជូនបងស្រី។ បច្ចុប្បន្ន បណ្តុំអាជីវកម្មទាំងមូលអាចផលិតស៊ុតមាន់បានចំនួន ៧០,០០០គ្រាប់/ខែ (ស៊ុត១គ្រាប់ តម្លៃ១,៣០០រៀល) ហើយអាចភ្ញាស់កូនមាន់បានប្រមាណ ៦០,០០០កូន/ខែ (កូនមាន់១ក្បាល/៣៥០០-៤០០០រៀល) ហើយសមាជិកម្នាក់ៗអាចរកចំណូលបាន ១,៣០០,០០០រៀល/ខែ។

ដោយឡែក សម្រាប់គ្រួសារបងស្រី កន ភារម្យ ផ្ទាល់ បច្ចុប្បន្នមានទូភ្ញាស់កូនមាន់ចំនួន១៦គ្រឿង មានសមត្ថភាពភ្ញាស់បានប្រមាណ ៣០,០០០គ្រាប់ និងជាមធ្យមអាចទទួលបានកូនមាន់ប្រមាណ ២០,០០០- ២៥,០០០ក្បាល/ខែ ហើយក្នុង១ខែ គ្រួសារបងស្រីអាចរកចំណូលបានពី ៨,០០០,០០០-១០,០០០,០០០រៀល ពីការលក់កូនមាន់ និងទូរភ្ញាស់។

ដើម្បីឆក់យកឱកាសមាស ក្នុងបរិបទជំងឺឆ្លងកូវីដ-១៩ បងស្រី រួមជាមួយសមាជិកទាំងអស់នឹងពង្រីកអាជីវកម្មចិញ្ចឹមមាន់សាច់បន្ថែមទៀត ដើម្បីបង្កើនបរិមាណមាន់សាច់ផ្គត់ផ្គង់ ឲ្យទីផ្សារក្នុងស្រុកធានាបាននិរន្តរភាពនៃការផលិតស៊ុតមាន់ និងភ្ញាស់កូនមាន់លក់ ធ្វើយ៉ាងណាដើម្បីបង្កើនប្រាក់ចំណូល ចូលរួមលើកកម្ពស់កម្រិតជីវភាព សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គម និងឈានទៅសម្រេចចក្ខុវិស័យរបស់រាជរដ្ឋាភិបាល នាឆ្នាំ២០៣០ និង២០៥០៕