(កំពង់ស្ពឺ)៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី សាខាកំពង់ស្ពឺ បានបន្តចុះផ្សព្វផ្សាយ និងអប់រំជូនដល់ប្រជាពលរដ្ឋរស់នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីឲ្យពួកគាត់បានយល់កាន់តែច្បាស់ពីវិធីសាស្រ្តការពារ និងទប់ស្កាត់ពីជំងឺកូវីដ១៩។

ការបន្តចុះអប់រំជូនប្រជាពលរដ្ឋពីវិធីសាស្ត្រទប់ស្កាត់ និងការពារជំងឺកូវីដ១៩ របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ធ្វើឡើងនាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺនេះ លោកវេជ្ជបណ្ឌិត សាយ ឫទ្ធី អនុប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយមូលដ្ឋានស្រុកឱរ៉ាល់ តំណាងលោក លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី និងជាអនុប្រធានទី១ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកឱរ៉ាល់ ទទួលបន្ទុក៣ឃុំ។

ដំណើរចុះអប់រំជូនប្រជាពលរដ្ឋនេះ មានការសហការជាមួយកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ឆាយ ថន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ស្ពឺ សាខាសកម្មជនក្រុមការងារយុវជនគណបក្សរាជធានីភ្នំពេញ មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកឱរ៉ាល់ សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកឱរ៉ាល់ និងអាជ្ញាធរមូលដ្ឋានស្រុកឱរ៉ាល់ ដឹកនាំដោយ លោក ម៉ួង ធី អភិបាលស្រុកឱរ៉ាល់ និង លោកចែម សារីមប្រធានក្រុមប្រឹក្សាស្រុក ព្រមទាំងពាំនាំការសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់លោក ហ៊ុន ម៉ានី តំណាងរាស្រ្ត នៃព្រះរាជាណាចក្រកម្ពុជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី បានបន្តចុះ ពិគ្រោះជំងឺរួមមាន៖ វិធានការការពារទប់ស្កាត់ជំងឺកូវីដ-១៩ មានបង្រៀនប្រជាពលរដ្ឋឲ្យយល់ដឹងអំពីការរស់នៅស្អាតប្រកបដោយអនាម័យល្អ ដោយលាងសម្អាតដៃនឹងអាកុល ឬសាប៊ូ ពាក់ម៉ាស់ឲ្យបានត្រឹមត្រូវនៅពេលចាំបាច់ ហូបស្អាត គេងស្អាត ចែក អាកុល ម៉ាស់ ម៉ាស៊ីនវាស់កម្តៅ សាប៊ូ ក្រដាស់រូបភាពផ្សព្វផ្សាយអំពីការថែរក្សាអនាម័យ រួមទាំងស្បៀងអាហារមានជានំប៉័ង និងទឹកសុទ្ធ។

ក្រៅពីការចុះអប់រំពីវិធីសាស្ត្រទប់ស្កាត់ និងការពារពីជំងឺកូវីដ១៩នោះ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី បានចុះពិនិត្យ និងព្យបាល ព្រមទាំងជូនថ្នាំដោយឥតគិតថ្លៃនូវជំងឺទូទៅ អប់រំសុខភាព ជំងឺផ្លូវចិត្ត ជំងឺទូទៅផ្នែកកុមារ ជំងឺរោគស្ត្រី ជំងឺឫសដូងបាត ក្រពះ ពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ជំងឺព្រូន ជំងឺស្លេកស្លាំង ជំងឺសន្លាក់ឆ្អឹង ជំងឺកាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម គ្រុនឈិះ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង លើសឈាម ជំងឺតម្រងនោម។ល។

ប្រជាពលរដ្ឋក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មានការសប្បាយជាខ្លាំង ក្រោយបានឃើញវត្តមានរបស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ដោយបានបង្ហាត់បង្រៀន និងជួយណែនាំពីវិធីសាស្ត្រក្នុងការទប់ស្កាត់ និងការពារជំងឺកូវីដ១៩។

ក្រុមការងារគគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី បានពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋចំនួន ៤៥គ្រួសារមានចំនួន៥៦នាក់ តាមខ្នងផ្ទះតំបន់ដាច់ស្រយាល នៅភូមិពោះវែក ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ជាពិសេសថែមទាំងជួយ កសាងទីស្នាក់គណបក្សប្រជាជនកម្ពុជា ឃុំសម្រេចបាន៧០ភាគរយ ចំនួន០៣ឃុំ រួមមាន៖ ១៖ ឃុំរស្មីសាមគ្គី, ២៖ ឃុំហោងសំណំ, ៣៖ ឃុំតាសាល, ៤៖ កំពុងរៀបចំសាងសង់ព្រះវិហារចំនួន ០១ទៀត ក្នុងឃុំរស្មីសាមគ្គី, ៥៖ កំពុងរៀបចំជួសជុលផ្លូវក្រោយពេលទឹកជំនន់ចម្ងាយ៥គីឡូម៉ែត្រ ក្នុងឃុំរស្មីសាមគ្គី។

សូមជម្រាបជូនថា ក្នុងរយៈពេល៩៦ខែ គិតចាប់ពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១២ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ មានរយៈពេល៩ឆ្នាំហើយ ក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ានី នៃក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី មានចំនួន៤,៣៦៣នាក់ បានចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុង២០រាជធានីនិងខេត្ត បានចំនួន ២៦៦លើក ក្នុងនោះព្យាបាលជំងឺជូនប្រជាពលបានចំនួន ៥៤០,៧០៥នាក់ (ហាសិបបួនម៉ឺនសូន្យពាន់ប្រាំពីររយប្រាំនាក់) ក្នុងនោះស្ត្រីមានចំនួន៣៦៣,៦៣៦នាក់ (សាមសិបប្រាំមួយម៉ឺនបីពាន់ប្រាំមួយរយសាមសិបប្រាំមួយនាក់)។

នាឱកាសនោះ លោកវេជ្ជបណ្ឌិត សាយ ឫទ្ធី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឲ្យមានការ ប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតអំពីជំងឺកូវីដ១៩ ដោយអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានគ្រប់ៗគ្នា ក៏ព្រោះតែកម្ពុជាកំពុងតែករណីឆ្លងក្នុងសហគមន៍ ដែលជាហេតុនាំឲ្យបងប្អូនប្រជាពលរដ្ឋកាន់តែមានការប្រុងប្រយ័ត្នកាន់តែខ្លាំងឡើង។

លោកក៏បានណែនាំដល់ប្រជាពលរដ្ឋត្រូវមានអនាម័យស្អាត និងរក្សាគម្លាតពីគ្នា ហើយអ្វីដែលពិសេសគឺមិនត្រូវនៅកន្លែងដែលមានមនុស្សច្រើន ដែលជាកន្លែងប្រមូលផ្តុំនោះទេ។

ជាមួយគ្នានោះដែរ អនុប្រធានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី រូបនេះក៏បានលើកឡើងទៀតផងដែរថា «ការងារមនុស្សធម៌ចុះជួយប្រជាពលរដ្ឋរៀងរហូតមក គឺកើតចេញពីការឧបត្ថម្ភគាំទ្រ និងការចង្អុលបង្ហាញពីសំណាក់ឯកឧត្តមប្រធាន ហ៊ុន ម៉ានី ប្រធានកិត្តិយសនៃក្រុមការងារគ្រុពេទ្យស្ម័គចិត្តលោក ហ៊ុន ម៉ានី ដែលលោកតែងតែខ្វល់ខ្វាយគិតគូរ និងរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ ដែលជួបការលំបាកគ្រប់កាលទេសៈ»

គួររម្លឹកថា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី បានចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋរួមានខេត្តដូចជា៖ ខេត្តកំពង់ស្ពឺ ខេត្តកំពង់ធំ ខេត្តកំពង់ចាម ខេត្តព្រៃវែង ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តសៀមរាប(អង្គរសង្ក្រាន្ត) ខេត្តបាត់ដំបង ខេត្តកណ្តាល ខេត្តព្រះវិហារ ខេត្តកំពត ខេត្តកែប ខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តបន្ទាយមានជ័យ ខេត្តស្វាយរៀង និងរាជធានីភ្នំពេញ ខេត្តឧត្តរមានជ័យ ខេត្តត្បូងឃ្មុំ ដោយបានសហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកឱរ៉ាល់ក្រុមការងារថ្នាក់កណ្តាល ចុះជួយ រាជធានី និងខេត្ត ក្រុមការងារថ្នាក់ជាតិចុះជួយរាជធានី ខេត្ត មន្ទីរសុខាភិបាលខេត្ត និងអាជ្ញាធរ គ្រប់ជាន់ថ្នាក់៕