(កំពត)៖ សពប្រជានេសាទខ្មែរឥស្លាមម្នាក់ទៀត ឈ្មោះ ត្មាត ឌុលឡោះ អាយុ៣០ឆ្នាំ រស់នៅភូមិដូនតោក សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត ត្រូវបានអ្នកនេសាទជនជាតិវៀតណាម ប្រទះឃើញអណ្តែតលើទឹកសមុទ្រ នៅវេលាថ្ងៃត្រង់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតនៅចំណុចខាងត្បូងកោះភូកុក ឬ កោះត្រល់ ចម្ងាយប្រហែល៥គីឡូម៉ែត្រ ស្ថិតក្នុងស្រុកភូកុក ខេត្តគៀងយ៉ាង ប្រទេសវៀតណាម ក្រោយពីបានលិចទូក កាលពីប៉ុន្មានថ្ងៃមុន។

លោកឧត្តមសេនីយ៍ត្រី ទូច ពលះ អនុប្រធាននាយយកដ្ឋាននគរបាលព្រំដែនទឹក នៃក្រសួងមហាផ្ទៃ និងជាប្រធានបង្ក្រាបបទល្មើសលើផ្ទៃទឹកសមុទ្រខេត្តកំពត-កែប បានឲ្យដឹងនៅព្រឹកមិញនេះថា សពជនរងគ្រោះ ឈ្មោះ ត្មាត ឌុលឡោះ បានរកឃើញហើយ នៅខាងត្បូងកោះត្រល់ ប្រទេសវៀតណាម ហើយបច្ចុប្បន្នកម្លាំងនគរបាលក្រោមឱវាទរបស់លោក និងក្រុមគ្រួសារជនរងគ្រោះ កំពុងចេញទូកទៅទទួលយកសពមកវិញហើយ។

សូមបញ្ជាក់ថា ជនរងគ្រោះទាំង២នាក់ បានចេញទៅនេសាទកណ្តាលសមុទ្រ តាំងពីមុនថ្ងៃចូលឆ្នាំចិន លុះដល់យប់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៦ ស្រាប់តែជួបគ្រោះថ្នាក់ ដោយសារមានរលក និងខ្យល់បក់បោកខ្លាំងបណ្តាលឲ្យទូកលិច ស្លាប់ទាំង២នាក់តែម្តង។ សពជនរងគ្រោះទី១ ត្រូវបានរកឃើញ នៅរសៀលថ្ងៃទី១០ ខែកុម្ភៈ កន្លងទៅនេះ៕