(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងកត់សម្គាល់ប្រាប់អគ្គនាយកអង្គភាពព័ត៌មាន Fresh News ថា មកទល់នឹងបច្ចុប្បន្ននេះ បើនិយាយពីចំនួន មនុស្សលោកដែលបានទទួលនៃការឆ្លងមេរោគកូវីដ-១៩បានកើនដល់ជាង៧១លាននាក់ និងស្លាប់ជាង១,៥លាននាក់ហើយ។

ស្ថិតក្នុងបរិការនេះគេសង្កេតឃើញប្រទេសនីមួយៗដែលឆ្លងមេរោគ ដែលចេះតែកើនទៅៗបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង តែមេរោគនេះនៅតែរាតត្បាតយ៉ាងសាហាវបំផុតដដែល។ ទន្ទឹមនឹងនេះពិភពលោកនំាគ្នាឆ្ងល់ហេតុអ្វីក៏ប្រទេសខ្លះកើនខ្លាំងម្ល៉េះ ប្រទេសខ្លះទៀតកើនតិចតូច តែខ្លះទៀតស្ទើរតែគ្មាន? ត្រង់ចំណុចនេះដើម្បីជាការជូនជ្រាបអ្នកជំនាញអារ្យធម៌ខ្មែរ សូមលើកយកប្រទេសមួយចំនួន មកបង្ហាញនិងបកស្រាយជូនដូចតទៅ៖

នៅសហរដ្ឋអាមេរិកអ្នកជំងឺឆ្លងមេរោគនេះ មានចំនួនជាង១៥លាននាក់, ប្រទេសឥណ្ឌាជិត១០លាននាក់, ប្រទេសប្រេស៊ីល៦,៧លាននាក់ , ប្រទេសរុស្ស៊ីជាង២,៥លាននាក់, ប្រទេសបារំាងជាង១,៣លាននាក់, ប្រទេសអ៉ីតាលី ជាង១,៧ លាននាក់, ប្រទេសចិន (ដែលមានមនុស្សរស់នៅជាង១ពាន់៤រយលាននាក់) មានឆ្លងជាង៨ម៉ឺននាក់, ប្រទេសសិង្ហបុរី ជិត៦ម៉ឺននាក់, ប្រទេសកូរ៉េខាងត្បូង ជាង៤ម៉ឺននាក់, ប្រទេសអូស្រ្ដាលី ជិត៣ម៉ឺននាក់...រីឯកម្ពុជាយើងមានឆ្លងតែជាង៣រយនាក់ប៉ុណ្ណោះ!។

ស្ថិតត្រង់ចំណុចនេះ ដោយសារជំពូកនៃការកើនច្រើន ឬកើនតិចនៃប្រទេសនីមួយៗ ដូចបានបង្ហាញមកខាងលើមានផែនប្រហាក់ប្រហែលគ្នា ដូចនេះយើងសូមលើកយក តែប្រទេសមួយចំនួន មកពិចារណាតែប៉ុណ្ណោះ ដូចជា សហរដ្ឋអាមេរិក បារំាង អង់គ្លេស រុស្ស៊ី ចិន និងកម្ពុជា ដោយធ្វើការពិនិត្យប្រទេសនីមួយៗតំាងពីចំណុចចាប់ផ្ដើមដំបូង រហូតមកទល់បច្ចុប្បន្ន៖

សហរដ្ឋអាមេរិកចំណុចចាប់ផ្ដើមដំបូង ខែមីនា គឺមាន៤២ករណី ដល់បច្ចុប្បន្ន១៥លាននាក់, អង់គ្លេសចំណុចចាប់ផ្ដើមដំបូងខែកុម្ភ: ៣ករណី ដល់បច្ចុប្បន្ន ១,៧៥០,០០០នាក់, បារំាងចំណុចចាប់ផ្ដើមដំបូងខែកុម្ភ:១១ករណី ដល់បច្ចុប្បន្ន ២,២៩០,០០០នាក់, អីតាលីចំណុចចាប់ផ្ដើមដំបូង ខែកុម្ភ:៣ករណី ដល់បច្ចុប្បន្ន ១,៧លាននាក់, រុស្ស៊ីចំណុចចាប់ផ្ដើមដំបូងខែមីនា ៣ករណីដល់បច្ចុប្បន្ន ២,៥០០,០០០នាក់, ចិនចំណុចចាប់ផ្ដើមដំបូងខែកុម្ភ:៨០,០០០ករណី ដល់បច្ចុប្បន្ន ៨៦,៦០០នាក់, កម្ពុជាចំណុចចាប់ផ្ដើមដំបូងខែមីនា ២ករណី ដល់បច្ចុប្បន្ន៣៥៧នាក់។

បើដូច្នេះបើពិនិត្យអំពីតួខាងលើនេះបានបង្ហាញច្បាស់ណាស់ថា ប្រទេសទំាងអស់នោះ បានទទួលការឆ្លងមេរោគកូវិដ-១៩ ដំបូងស្ទើរតែនៅពេលវេលាប្រហាក់ប្រហែលគ្នា គឺខែកុម្ភ: ឬខែមីនា។ ដោយទ្បែកខុសតែប្រទេសចិន ដែលចាប់ផ្ដើមទទួលការឆ្លងយ៉ាងគំហុក គឺនៅខែកុម្ភ: តែសំខាន់គឺការឆ្លងនៅថេររហូតទល់បច្ចុប្បន្ន ដោយកើនតែប្រមាណ៦ពាន់ករណីប៉ុណ្ណោះ។

ដោយទ្បែកតែប្រទេសរុស្ស៊ី បារំាង អង់គ្លេស និងអ៉ីតាលី បានកើនជាពីរដំណាក់កាល គឺទ្បើងខ្ពស់ម្ដង ហើយចុះមកកម្រិតទាបមួយរយ:តែដល់រលកទី២ ក៏ចាប់គំហុកទ្បើងវិញរហូតដល់សព្វថ្ងៃ។ ករណីនេះគឺប្រហាក់ប្រហែលគ្នាទៅនឹងសហរដ្ឋអាមេរិក គឺកើនគំហុកយកតែមែនទែន។

លោក រត្ន័ សណ្ដាប់ បញ្ជាក់ថា ចំពោះបញ្ហានៃការកើនទ្បើងនៅតាមបណ្ដារដ្ឋនីមួយៗនេះ គឺមកពី «ឆន្ទ:ទម្លាយរនំាងការពារដោយបំពាន» នេះឯង។ បានន័យថា អ្វីដែលអង្គការសុខភាពពិភពលោកតែងក្រើនជារឿយៗថា «ត្រូវប្រយ័ត្នរលកទី១ រលកទី២ ឬរលកទី៣?»

តាមបរិបទនេះ បើយើងយោងតាមស្ថិតិខាងលើបានបង្ហាញឲ្យយើងឃើញថា ប្រទេសទំាងអម្បាលមាណនោះបានឆ្លងកាត់មេរោគចាប់ផ្ដើមពី២ ឬ ៣ករណី លើកលែងតែប្រទេសចិន បានចាប់ផ្ដើមយ៉ាងគំហុកដ៏ច្រើនសន្ធឹកសន្ធាប់។ យើងអាចសន្មតថាជារលកទី១។

បន្ទាប់មកអង្គការដដែលនេះបានស្រែកក្តែងៗថា ត្រូវប្រយ័ត្នរលកទី២!មែន ! ប្រជាជននៃប្រទេសខាងលើធ្វើមិនដឹង មិនខ្ចីត្រងត្រាប់ក៏មេរោគដ៏កាចសាហាវនេះបានឆ្លង គុណមួយជា១០ ជា១០០គួរឲ្យព្រឺ គេមិនប្រយ័ត្នមិនពាក់ម៉ាស មិនថែខ្លួន ដើរលេងប្រសេចប្រសាច ជួបជុំគ្នា ស៊ីផឹក ជប់លៀង ចូលហាង ចូលបារ។ល។

ពួកគេមិនគ្រាន់តែឆ្លងមេរោគខ្លួនឯង តែនំាចូលផ្ទះទៀត បានន័យថា ប្រទេសនីមួយៗមានករណីកើន ខ្ទង់សែនខ្ទង់លានករណី។

បន្ទាប់មកករណីនៃការកើនជំងឺឆ្លងបាននៅទាបមួយរយ:ពីព្រោះគេនំាគ្នាប្រុងប្រយ័ត្ន។ តែបានតែ១ខែទៅ២ខែប៉ុណោះ។ ជាក់ស្ដែងករណីនៅសហរដ្ឋអាមេរិក កាលពីខែឧសភា -មិថុនា ករណីកើនក្នុងមួយថ្ងៃឆ្លងពី២ ទៅ៣ ទៅ៥ម៉ឺនករណីក្នុងមួយថ្ងៃ។

ដល់រលកទី៣ គឺបច្ចុប្បន្ននេះបន្ទាប់ពីប្រទេសទំាងនេះមានបុណ្យទានជាបន្ដបន្ទាប់ ការឆ្លងមេរោគបានកើនដល់ទៅ២០ម៉ឺនទៅ២៥ម៉ឺនក្នុងមួយថ្ងៃៗ គ្មានស្រាកស្រាន្ដ ដោយ សារតែប្រជាពលរដ្ឋមិនព្រមប្រយ័ត្នថែខ្លួន នាំគ្នាទម្លាយរនាំងសុវត្តិភាពដោយឆន្ទ:បំពានដើរយ៉ាងសេរី គ្មានញញើត មិនគ្រាន់តែឆ្លងខ្លួនឯង តែថែមទាំងនំាមេរោគឆ្លងដល់អ្នកនៅផ្ទះទៀតផង!។

មកទល់នឹងបច្ចុប្បន្ន ក្នុងពិភពលោកទំាងមូលអ្នកដែលទទួលឆ្លងមេរោគមានចំនួនជាង៧១លាននាក់ និងស្លាប់ជាង១,៥៩០,៣២៣នាក់។ ដោយទ្បែកនៅសហរដ្ឋអាមេរិក ក្នុងចំណោមអ្នកស្លាប់ ២៦១,៥៣០នាក់ គឺចំនួន២០៩,០៨៣នាក់ មានអាយុលើស៦៥ឆ្នាំ និងអ្នកមានជំងឺប្រចំាកាយផង។

លោក រត្ន័ សណ្ដាប់ បញ្ជាក់ទៀតថា ចំពោះទិដ្ឋភាពទប់ទល់នឹងមេរោគកូវីដ-១៩ ដ៏សាហាវនេះផងដែរ យើងឃើញប្រទេសខ្លះអាចចាត់ទុកជា «ករណីប្រទេសដ៏គំរូមានវិន័យ» ផងដែរ។

ដោយហេតុថា អំពីបញ្ហាប្រឈមនឹងព្រឹត្ដិការណ៍ដ៏ទាន់ហន់ សាហាវគួរឲ្យតក់ស្លុត និងរន្ធត់នេះមានប្រទេសមួយចំនួនធំដែលថ្នាក់ដឹកនំា រួមជាមួយនឹងប្រជាពលរដ្ឋផង បានអនុវត្ដនូវក្បួនច្បាប់ ដើម្បីទប់ទល់នឹងការឆ្លងមេរោគដ៏សាហាវនេះ ដែលលទ្ធផលគឺយើងឃើញយ៉ាងជាក់ស្ដែងមែន គឺកំរិតឆ្លងនៃមេរោគកូវីដ-១៩បានថេរនៅកំរិតទាប។

ដោយទ្បែកនៅកម្ពុជា ក្នុងបរិការនេះប្រមុខរាជរដ្ឋាភិបាលបានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ជាទីបំផុត ដើម្បីទប់ទល់នឹងការពារមេរោគឆ្លងដ៏សាហាវនេះ ដែលលទ្ធផលជាក់ស្ដែង នៅកម្ពុជា អ្នកឆ្លងមេរោគមានចំនួនតែជាង៣០០ករណីប៉ុណ្ណោះ។ ហើយអ្នកជំងឺទៀតសោត ក៏បានជាសះស្បើយស្ទើរអស់រលីងដែរ។ ចំណាត់ការនេះ បានធ្វើឲ្យអង្គការសុខភាពពិភពលោក កោតសរសើរនិងចាត់ទុកកម្ពុជាថា «ជាប្រទេសគំរូ» ផងដែរ៕