(បន្ទាយមានជ័យ)៖ សង្ឃក្លែងក្លាយម្នាក់ដើរបិណ្ឌបាត្របានលុយយកទៅទិញថ្នាំញៀនជក់ ត្រូវកម្លាំងអាវុធហត្ថក្រុងសិរីសោភ័ណចុះឃាត់ខ្លួន ហើយដកហូតបានថ្នាំញៀនពណ៌លឿងចំនួន ២គ្រាប់ ទូរស័ព្ទដៃ ១គ្រឿង ប្រាក់ចំនួន ៤០ម៉ឺនរៀល និងស្រោមសំបុត្រអញ្ជើញចូលរួមកសាងវត្តមួយចំនួន។

ក្រោយឃាត់ខ្លួនបានហើយ កម្លាំងសមត្ថកិច្ចក៏បញ្ជូនមកមន្ទីរធម្មការ និងសាសនាខេត្តដើម្បីសួរនាំ នៅវេលាម៉ោង៦ល្ងាច ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ នៅក្នុងភូមិព្រះពន្លា សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការក្រុងសិរីសោភ័ណ បានឲ្យដឹងថា ការដែលឃាត់ខ្លួនសង្ឃក្លែងក្លាយបាន ដោយសារតែបានព័ត៌មានពីប្រជាពលរដ្ឋបង្ហាញប្រាប់សង្ឃនោះមានឈ្មោះ យ៉ុក សុខទិ អាយុ១៩ឆ្នាំ រស់នៅភូមិស្រះខ្វៅ ឃុំបាក់ហុយ ស្រុកកំរៀង ខេត្តបាត់ដំបង។

លោកថា សង្ឃក្លែងក្លាយរូបនេះត្រូវបានប្រធានមន្ទីរធម្មការសាសនាខេត្តបន្ទាយមានជ័យ បញ្ជូនមកធ្វើពិធីផ្សឹកនៅវត្តសមាធិផល បន្ទាប់មកកម្លាំងជំនាញបទល្មើសគ្រឿងញៀនបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមផ្លូវច្បាប់ហើយនៅព្រឹកថ្ងៃទី១៣ ខែធ្នូនេះ៕