(ព្យុងយ៉ាង)៖ មេដឹកនាំវ័យក្មេងកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានសន្យាថា នឹងបាញ់បង្ហោះ​ផ្កាយ​រណបបន្ថែមទៀតទៅកាន់លំហ អាកាសបើទោះបីជាសហគមន៍អន្តរជាតិ បានរៀបចំ​ដាក់​​ដាក់​ទណ្ឌកម្ម​បន្ថែមទៀត ​ទៅលើកូរ៉េខាងជើង ពាក់ព័ន្ធករណីបាញ់បង្ហោះ គ្រាប់រ៉ូកែតរយៈចម្ងាយឆ្ងាយ ដែល​ភ្ជាប់​ដោយ​ផ្កាយរណបកាលពីសប្ដាហ៍មុន នេះបើយោងតាមការចេញផ្សាយ ​របស់ទីភ្នាក់ងារព័ត៌មាន​ស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ។

ទីភ្នាក់ងារមជ្ឈិមកូរ៉េ បានឲ្យដឹងថា កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៦កន្លងទៅនេះ កូរ៉េខាងជើង បានជោគជ័យក្នុងការបាញ់បង្ហោះ គ្រាប់រ៉ូកែត​រយៈចម្ងាយឆ្ងាយទៅកាន់លំហអាកាស ដោយ​ក្នុងនោះ លោក គីម ជុងអ៊ុន បានអបអរសាទរ និងរៀបចំពិធីជប់លៀង​ដល់ក្រុមអ្នកវិទ្យាសាស្ត្រ និងក្រុមបច្ចេកទេស។

ក្រោយពេលកូរ៉េខាងជើងបាញ់បង្ហោះគ្រាប់រ៉ូកែតរយៈចម្ងាយឆ្ងាយ សហគមន៍អន្តរជាតិ​បាន​ធ្វើការ​ថ្ដោល​ទោស ព្រោះ​បានរំលោភច្បាប់​របស់អង្កការសហប្រជាជាតិ (UN)៕